(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីការតភ្ជាប់ផ្លូវរថភ្លើងពី ស្ថានីយ៍ អារញ្ញប្រាថេត ខេត្ដបស្ចឹមបុរី ប្រទេសថៃ មកកាន់ស្ថានីយ៍ផ្លូវរថភ្លើងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ប្រទេសកម្ពុជា ហើយដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដោយប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទំាងពីរគឺសម្ដេចតេជោ ហ៊ុន សែន និងលោក ប្រយុទ្ធ ចាន់អ៊ូឆា (Prayut Chan-o-Cha) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ថ្មីៗនេះ គឺបានឆ្លុះបញ្ចំាងពីភាពសុខដុមរមនានៃប្រទេសទំាងពីរផង ហើយក៏បានឆ្លុះបញ្ចំាងពីព្រឹត្ដិកាណ៍ប្រវត្ដិសាស្រ្ដផ្លូវរថភ្លើងនៃប្រទេសទំាងពីរនេះផងដែរ។
បានន័យថា ចំពោះប្រវត្ដិការតភ្ជាប់ផ្លូវរថភ្លើងនេះ គឺពុំមែនជារឿងថ្មីនោះទេ ពីព្រោះផ្លូវរថភ្លើងនេះ ត្រូវបានស្ថាបនាទ្បើងជាលើកដំបូងដោយកងទ័ពជប៉ុននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១ ដោយកាលនោះគឺបានភ្ជាប់ពីស្ថានីយ៍ អារញ្ញប្រាថេត នៃប្រទេសថៃ មកដល់ស្ថានីយ៍មង្គលបុរីនៃប្រទេសកម្ពុជាយើង។ ក្រោយមកទៀតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤៤ ផ្លូវនេះក៏បានកសាងបន្ដមកដល់ដងស្ទឹងសង្កែ ខេត្ដបាត់ដំបង ដោយមានចម្ងាយ១១៧គីទ្បូម៉ែត្រ។
ចំពោះជប៉ុនដែលបានកសាងភ្ជាប់ផ្លូវរថភ្លើងនោះ ដោយហេតុថាបារំាងដែលត្រួតត្រាមកលើកម្ពុជារយៈពេល៩០ឆ្នាំពីឆ្នាំ១៨៦៣-១៩៥៣នោះ ប៉ុន្ដែស្ថិតក្នុងចន្លោះពីឆ្នាំ១៩៤១- ១៩៤៥ គឺជប៉ុនក៏បានត្រួតត្រាជំនួសបារំាងមួយរយៈពេលខ្លីផងដែរ។ មានន័យថាមកដល់ឆ្នាំ១៩៤៥ គឺអាមេរិកំាងទម្លាក់គ្រាប់បែកនៅទីក្រុងហេរ៉ូស៊ីម៉ា និងណាកាសាគីនោះ គឺជប៉ុន ក៏បានប្រកាសចុះចាញ់សង្រ្គាម ហើយបារំាងក៏ត្រទ្បប់មកត្រួតត្រាមកលើកម្ពុជាជាថ្មីទ្បើងវិញ ហើយក៏បន្ដការគ្រប់គ្រងខ្សែរថភ្លើងនេះ។
លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងដំណើរការនាពេលនោះ ក៏មានហេតុការណ៍ផ្ដាច់ខ្សែរថភ្លើងរវាងកម្ពុជា-ថៃ ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរផងដែរ។ ដូចជាហេតុការណ៍មានការផ្ដាច់ខ្សែផ្លូវរថភ្លើងរវាងកម្ពុជា-ថៃ ជាលើកដំបូងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៨ ដោយនាយកដ្ឋានរថភ្លើងថៃ គឺក្នុងពេលបញ្ជួនក្បាលរថភ្លើង និងទូរថភ្លើងដើម្បីទៅដឹកថ្ម ក្នុងបរិវេណស្ថានីយ៍អារញ្ញប្រាថេត និងអូជ្រៅ។ ដោយពេលនោះកម្មករកំពុងជញ្ជួនថ្ម ដាក់ក្នុងទូរថភ្លើង ស្រាប់តែលោក ស្ងាត់ ផាន់ថារ៉ាត់ ដែលជាអ្នកបើកបររថភ្លើងបានផ្ដាច់ក្បាលរថភ្លើងពីទូរដើម្បីដាក់ខ្លាញ់គោ ស្រាប់តែក្បាលរថភ្លើងក៏រអិលជ្រុលហួសផ្លូវពីខាងដីថៃ ជ្រុលចូលដីខ្មែរ ទៅបុកក្បាលរថភ្លើងបារំាង បណ្ដាលឲ្យក្បាលរថភ្លើងបារំាងក្រទ្បាប់ធ្លាក់ចេញពីផ្លូវអស់ចំនួន៦ទូរ។
ស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បារំាងក៏បានគិតសំណងនូវការខូចខាតជាប្រាក់ចំនួន២រយ២៤ពាន់ម្ច៉ាស់Piastre។ ប៉ុន្ដែក្រោយមកក្រោយមកបារំាង បានចុះមកត្រឹម២រយពាន់ម្ចាស់ Piastre បើគិតជាប្រាក់បាត៩០ពាន់បាត។ ក្រោយពីការទូរទាត់ប្រាក់សំណងហើយ ថៃក៏បានរុះរើសខ្សែរថភ្លើងពី ស្ថានីយ៍អារញ្ញប្រាថេត រហូតដល់ព្រំដែនថៃ-កម្ពុជា ព្រោះខ្លាចមានរឿងបែបនេះកើតទ្បើងទៀត។ ក្រោយពីការកាត់ផ្ដាច់ពីឆ្នាំ១៩៤៨មក ទើបមានការផ្សារភ្ជាប់ផ្លូវរថភ្លើងនេះជាថ្មីទ្បើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៥៥។
បានសេចក្ដីថានៅឆ្នាំ១៩៥៣ ក្រោយពីកម្ពុជាបានឯករាជ្យ នាយកដ្ឋានរថភ្លើងថៃក៏បានចរចាជាមួយនឹងកម្ពុជាដើម្បីភ្ជាប់ខ្សែរថភ្លើងទ្បើងវិញ។ ចំពោះការតភ្ជាប់ផ្លូវរថភ្លើងទ្បើងវិញនេះ គឺបានរត់ពីស្ថានីយ៍អារញ្ញប្រាថេត មកដល់ប៉ោយប៉ែត និងខេត្ដបាត់ដំបង។ ដោយក្នុងនោះចំពោះការរត់មានក្បាលរថភ្លើងពីខ្សែ គឺ៖ ក្បាលរថភ្លើងទី១ រត់៥ថ្ងៃក្នុងមួយសប្ដាហ៍សម្រាប់ដឹកភ្ញៀវពីថ្ងៃចន្ទ ដល់សុក្រ។ និងក្បាលរថភ្លើង ទី២រត់២ថ្ងៃក្នុង១សប្ដាហ៍គឺ ថ្ងៃអង្គារ និងសៅរ៍ សម្រាប់ដឹកទំនិញ។ តែទោះជាយ៉ាងណាក្ដី ចំពោះការរត់នេះគឺពុំមានភាពរលូននោះទេ ពីព្រោះកម្ពុជាមានវិបត្ដិនយោបាយ និងសង្រ្គាមផ្ទៃក្នុង ពិសេសចាប់ឆ្នាំពីរដ្ឋប្រហារឆ្នាំ១៩៧០មក ក្នុងការតភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា-ថៃ គឺត្រូវផ្អាកទំាងស្រុង៕