(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តក្តីចារ្តិ៍ ស្ថិតនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវបានចំណាយថវិកាកសាងជាង ៨៥ម៉ឺនដុល្លារ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ។
នៅក្នុងឱកាសនោះ លោកស្រីបានលើកឡើងថា កម្ពុជាបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកក្តាសុខសន្តិភាព ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នារក្សាសន្តិភាពឱ្យបានយូរអង្វែងជាមួយនឹង រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា សាលាពុទ្ធិកនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះវិស័យព្រះពុទ្ធសាសនា ហើយក៏ជាឆ្អឹងខ្នងដ៏រឹងមាំផងដែរ នៅក្នុងវិស័យព្រះពុទ្ធសាសនា ព្រោះសមណទាំងអស់នឹងបានសិក្សាអំពីធម៌វិន័យ បាលី គម្ពីរ និងចំណេះដឹងទូទៅផងដែរ ពោលគឺបណ្តុះបណ្តាលឲ្យសមណគ្រប់អង្គ ឲ្យមានចំណេះដឹងជ្រៅជ្រះលើផ្នែកសាសនា និងផ្នែកសង្គម។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា ការសម្ពោធសមិទ្ធផលនានានៅក្នុងវត្តក្តីចារ្តិ៍នេះ រួមមាន៖ ការសាងសង់សាលាពុទ្ធិកបឋមសិក្សា សាងសង់បង្គោលភ្លើងចំនួន៦៧ដើម សាងសង់អណ្ដូងទឹកស្អាត និងប្រព័ន្ធទឹកស្អាត ជីកស្រះទឹក ធ្វើផ្លូវក្រាលក្រួសក្រហមចូលវត្ត ចាក់សាបក្នុងទីធ្លាវត្ត ជួសជុលសាលាឆាន់ និងកែលម្អទីវត្តអារាម ដោយសរុបទឹកប្រាក់អស់ជិត ៨៥,៧០០ដុល្លារអាមរិក។
នៅក្នុងឱកាសនោះ លោកស្រី និងក្រុមការងារក៏បានប្រគេននូវថវិកាដល់ព្រះសង្ឃសម្រាប់កសាងចំនួន ១០,២៨០,០០០រៀល ជូនលោកគ្រូ អ្នកគ្រូចំនួន ៥៩នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល ផ្ដល់សៀវភៅដល់សិស្សានុសិស្សចំនួន ១,០០០ក្បាល ជូនដល់យាយជីតាជីចំនួន ៥០នាក់ មានក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀល៕