(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា កន្លងទៅនេះ បានបញ្ជូនចោរឆក់វ័យ១៥ឆ្នាំម្នាក់ទៅតុលាការ ក្រោយរូបគេត្រូវបានចាប់ខ្លួនពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរជាជនបរទេស នៅចំណុចផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យវ័យក្មេងរូបនោះមានឈ្មោះ សាន កុសល ភេទប្រុស អាយុ១៥ឆ្នាំ ដែលជាចោរឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២២៖៥០នាទី ខណៈដែលរូបគេបានកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរជាជនបរទេស នៅចំណុចផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបគេបានជិះម៉ូតូ១គ្រឿង ម៉ាក NEX ពណ៌ទឹកក្រូចលាយស ស្លាកលេខ ភ្នំពេញ 1HN-7303 ធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ គោលបំណងដើរឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ។ លុះជិះដល់ម្តុំផ្សារកណ្តាល បានឃើញជនបរទេសម្នាក់កំពុងឈរចុចទូរស័ព្ទ ជាឱកាសល្អរូបគេបានជិះទៅក្បែរ ហើយឆក់ទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះដឹងខ្លួនទាន់បានទាញទូរស័ព្ទវិញ បណ្តាលឲ្យរូបគេដួលម៉ូតូ ពេលនោះមានប្រជាពលរដ្ឋដេញចាប់រូបគេ។ ស្របពេលនោះ មានកម្លាំងអាវុធហត្ថល្បាតឃើញ បានឃាត់រូបគេតែម្តង។
រូបគេបានបន្តប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលអំឡុងខែមីនា ឆ្នាំ២០១៩ រូបគេនិងបក្ខពួក០២នាក់ទៀត ឈ្មោះ រ័ត្ន និងឈ្មោះ ភា ធ្លាប់ធ្វើសកម្មភាពឆក់ សម្ភារមានតម្លៃពីប្រជាពលរដ្ឋ០៣លើកមកហើយ ដោយជិះម៉ូតូ ០២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ និងម៉ាក NEX ពណ៌ទឹកក្រូចលាយស ស្លាកលេខ ភ្នំពេញ 1HN-7303 ដើម្បីធ្វើសកម្មភាពឆក់។
លើកទី១ ពួកគេធ្វើសកម្មភាពឆក់នៅចំណុចមុខវាំង តែមិនបានសម្រេច និងមានបក្ខពួកបិទគូថតាមក្រោយផងដែរ ហើយលើកទី២ ជនសង្ស័យ ខាងលើបានជិះម៉ូតូម៉ាក NEX ម្នាក់ឯង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ តែមិនបានសម្រេច និងលើកទី៣ រូបគេបានឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក SUMSUNG ពីជនរងគ្រោះបានសម្រេច នៅលើផ្លូវស៊ីសុវត្ថិ ហើយយកទៅលក់នៅម្តុំផ្សារសូរិយ៉ា បានប្រាក់១០០ដុល្លារអាមេរិក៕