(ភ្នំពេញ)៖ ខណៈដែលរដូវបួសខែរ៉ម៉ាឌនរបស់បងប្អូនសាសនាឥស្លាម ចូលមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ បានផ្ញើសារថ្លែងអំណរគុណដល់បងប្អូនឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព និងជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ម៉ាឌន ដែលកម្ពុជានឹងចាប់ផ្ដើម នៅថ្ងៃចន្ទទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤០ ម៉ូហាម៉ាត់ សករាជ ត្រូវនឹងថ្ងៃ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩»។
សម្តេចបានបន្តថា «ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបួងសួងសុំឱ្យបងប្អូនទាំងអស់ទទួល បាននូវសេចក្កីសុខសប្បាយ ក្ដីមេត្តា ករុណា ពីអល់ឡោះគ្រប់ៗគ្នា និង សុំឱ្យអល់ឡោះ ទទួលយកនូវកុសលផល បុណ្យ ខែបួសរ៉ម៉ាឌន ទាំងអស់ដែល បងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ៕