(រតនគិរី)៖ ឃ្លាំងស្តុកឈើកកោះមួយកន្លែង ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានលោក រ៉ា បូរ៉ាន់ឌី ព្រះរាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងនគរបាលក្រុងបានលុង, មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើចុះរឹបអូស នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ឈើខាងលើនេះ លោកបញ្ជាឲ្យដឹកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ សិនរួចរង់ចាំវាស់វែងនៅពេលក្រោយ។ ទាក់ទឹនទៅនឹងឃ្លាំងស្តុកឈើខាងលើនេះដែរ មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់យក្សឡោម ប្រាប់ឲ្យដឹងថា មិនស្គាល់ឈ្មោះម្ចាស់ទីតាំងនេះទេ គឺពួកគេជួលតៗគ្នា ប៉ុន្តែម្ចាស់ពិតប្រាកដ ប្រហែលនៅរាជធានីភ្នំពេញឯណោះ។
ប្រភពព័ត៌មានដោយឡែកទៀត បានខ្សឹបប្រាប់ឲ្យដឹងថា ឈើដឹកទៅវៀតណាមនៅពេលយប់ តាមរថយន្តសាំយ៉ុង គឺមានកូនមន្ត្រីថ្នាក់ខ្ពស់២នាក់ (សុំមិនបញ្ចេញឈ្មោះ) ចេញមុខរត់ការណ៍ឲ្យឈ្មួញវៀតណាម ដោយមានឥទ្ធិពលឪពុកកាងពីក្រោយ៕