(ភ្នំពេញ)៖ មួយរយៈពេលថ្មីៗចុងក្រោយនេះ នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា កែវ សុបញ្ញា តារាចម្រៀងលេចធ្លោទាំងសំឡេង និងសម្រស់ប្រចាំផលិតកម្មហង្សមាស តែងតែផុសអំពីសកម្មហាត់ប្រាណរបស់ខ្លួនជាប្រចាំ និងតែងតែពិសាទឹកបរិសុទ្ធកម្ពុជា ដែលធ្វើអ្នកគាំទ្រមួយចំនួនឆ្ងល់ថា ខំហាត់ធ្វើអ្វីទៀត បើស្អាតខ្លាំងប៉ុណ្ណឹងហើយហ្នឹង។
តាមរយៈការសម្ភាសផ្ទាល់ជាមួយកញ្ញា កែវ សុបញ្ញា តារាចម្រៀងរូបនេះ បានបកស្រាយថា «ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ចំពោះការសម្តែងនៅលើឆាកតន្រី្ត ក៏ដូចជាភាពយន្តដែលនាងខ្ញុំជាតួរសម្តែងកន្លងមក ហើយកាន់តែពិសេសការតាមដានមើលពីសកម្មភាពផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់នាងខ្ញុំថែមទៀត។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រខាងលើ ដោយសារខ្ញុំជាសិល្បការិនីម្នាក់ វាជារឿងសំខាន់ណាស់ដែលថែរក្សាសុខភាពទាំងរាងកាយ និងផ្លូវចិត្ត ដើម្បីផ្តល់នូវអាម្មណ៍សប្បាយរីករាយដល់ប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រនាងខ្ញុំតែម្តង»។
កញ្ញាបន្តទៀតថា ក្រៅពីអាជីពចម្រៀងនៅលើឆាកតន្រី្តធំៗ ផ្សព្វផ្សាយពីផលិតផលផ្សេងៗ កញ្ញាក៏ត្រូវបាន ជ្រើសរើសឱ្យធ្វើជាតារាសម្តែងខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្មហង្សមាសផងដែរ ដែលនឹងចាក់ត្រូវចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ។ កញ្ញាក៏កំពុងត្រៀមខ្លួនថតរឿងបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដូច្នេះកញ្ញាត្រូវបន្តលំហាត់ប្រាណជាប្រចាំ ដើម្បីថែរក្សារាងក្នុងទម្រង់ពេលបច្ចុប្បន្នឱ្យបានល្អ។
សូមបញ្ជាក់ថា កញ្ញា កែវ សុបញ្ញា ជាបេក្ខជនម្នាក់របស់កម្មវិធី The Voice Cambodia រដូវកាលដំបូងគេបំផុត វគ្គ Live Show ជាមួយបេក្ខជន ១២នាក់ចុងក្រោយ ហើយកញ្ញាត្រូវបានប្រជាជនកម្ពុជាចាប់ផ្តើមស្គាល់ និងគាំទ្រខ្លាំងតាំងពីពេលនោះមក។ កេរ្តិ៍ឈ្មោះកញ្ញាកាន់តែល្បីខ្លាំងឡើង ក្រោយបទចម្រៀងចំណងជើង «ពេលដែលគ្មានខ្ញុំ» បានឆក់យកបេះដូងទស្សនិកជន អ្នកគាំទ្ររបស់កញ្ញាចេញជាផ្លូវការ៕