(ព្រៃវែង)៖ ផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយគ្រួសារ ត្រូវបានអគ្គិភ័យឆាបឆេះក្លាយជាផេះផង់ទាំងស្រុង ប៉ុន្ដែក្រោយទទួលបានព័ត៌មានពី អាជ្ញាធរមូលដ្ឋានថា មានប្រជាពលរដ្ឋក្រីក្រជួបគ្រោះអគ្គិភ័យបែបនេះ លោក ជាម ប៉េអា សមាជិករដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស៊ីធរកណ្តាល អមដំណើរដោយសប្បុរជនបានចុះសួរសុខទុក្ខ និងនាំសម្ភារប្រើប្រាស់ក្នុងផ្ទះ អង្ករ ថវិកាចំនួនជូនដល់គ្រួសាររងគ្រោះដោយផ្ទាល់។
ថ្លែងពេលចុះពិនិត្យទិដ្ឋភាពសំណល់ធ្យូងខ្មៅផេះផង់រៀបដល់ដី ដែលបណ្តាលមកពីអគ្គិភ័យនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ លោក ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលព្រៃវែង បានចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ ដែលបាត់បង់ផ្ទះដែលជាទីជម្រកធ្លាប់ស្នាក់អាស្រ័យទាំងយប់ថ្ងៃ។
ជាមួយគ្នាដែរ លោកតំណាងរាស្ត្របានណែនាំ និងផ្តាំផ្ញើប្រជាពលរដ្ឋត្រូវចេះបង្កើនការប្រុងប្រយ័ត្ន បង្ការការពារគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយ ដោយយថាហេតុនានាទៀតផង។
ឱកាសនេះដែរ លោកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងសប្បុរសជនបាននាំសម្ភារប្រើប្រាស់ក្នុងផ្ទះ អង្ករ និងថវិកាចំនួនមួយលានរៀល ស្មើនឹងថវិកាសរុបចំនួនប្រមាណ៧០០ដុល្លារ ជួយដល់ប្រជាពលរដ្ឋគ្រួសារទទួលរងគ្រោះដែលមានកូនបីនាក់ក្នុងបន្ទុក។
ជាការឆ្លើយតបនឹងទឹកចិត្តអាណិតស្រលាញ់ប្រជាពលរដ្ឋរបស់តំណាងរាស្ត្រ លោក ទ្រីម ស៊ាងហ៊ីម និងលោកស្រី ឈុន សុភាង និងកូនប្រុសស្រី បានលើកដៃទាំងទ្វេសំពះថ្លែងអំណរគុណលោក ជាម ប៉េអា ដែលបានចុះសួរទុក្ខ និងពាំនាំប្រើប្រាស់ក្នុងផ្ទះ អង្ករ និងថវិកា។
នៅចំពោះមុខតំណាងរាស្ត្រ គ្រួសាររងគ្រោះអគ្គិភ័យឆេះផ្ទះដោយសារផ្ទុះកំប៉ុងហ្គាស រស់នៅភូមិ១ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង រូបនេះបាននិយាយសន្យាទាំងស្នាមញញឹមថា លោក និងគ្រួសារនឹងគាំទ្រលោក ជាម ប៉េអា ជាតំណាងរាស្ត្រមណ្ឌលព្រៃវែងគ្រប់ៗអាណត្តិទៅមុខទៀត៕