(ព្រះសីហនុ)៖ ពាក់ព័ន្ធនឹងបញ្ហាជំនន់ទឹកភ្លៀងជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ការពារទឹកស្អាតក្បាលឆាយ (ចំណុចអូរអារ៉េវ) ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានមន្ទីរព័ត៌មានខេត្តព្រះសីហនុរាយការណ៍មករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឱ្យដឹងថា មូលហេតុដែលកើតមានបញ្ហានេះឡើង គឺដោយសារការចាក់ដីលុបបាត់អូរធម្មជាតិដែលជាផ្លូវទឹកហូរចេញ ពីសំណាក់ប្រជាពលរដ្ឋម្ចាស់ដី និងការចាក់ដីធ្វើទំនប់ការពារប្រភពទឹកស្អាត ពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបង្ហោះរបាយការណ៍មន្ទីរព័ត៌មានខេត្តព្រះសីហនុនៅលើ Facebookរបស់លោកថា «សូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តីជ្រាប ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យលំនៅដ្ឋានមួយចំនួននៅក្បែរតំបន់ការពារទឹកស្អាតក្បាលឆាយ (ចំណុចអូរអារ៉េវ ) បានជន់លេច»

លោករដ្ឋមន្ត្រីបន្តសរសេរតាមការរាយការណ៍ទៀតថា បើតាមការសង្កេត និងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់បះពាល់នេះ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការលេចលង់នេះ គឺដោយសារម្ចាស់កម្មសិទ្ធិមួយចំនួនបានចាក់ដីនៅមាត់អូរ បណ្ដាលឱ្យផ្ទៃអូរធម្មជាតិត្រូវរួមតូច (ទឹកហូរមិនទាន់) និងដោយខាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្បាលឆាយ ចាក់ដីធ្វើទំនប់ការពារប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ទូទាំងក្រុងព្រះសីហនុ និងមួយផ្នែកនៃស្រុកព្រៃនប់។

លោក ខៀវ កាញារីទ្ធ បានបង្ហាញការព្រួយបារម្ភថា «ករណីខាងលើនេះ ប្រសិនបើទឹកភ្លៀងនៅបន្តធ្លាក់រាល់ថ្ងៃនោះ ស្ថានភាពលេចលង់នេះនឹងនៅតែបន្តកើតមាន»

ក្នុងពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ស្ទើរទូទាំងប្រទេស ដែលជាការត្រេកអរមួយផងដែរ សម្រាប់ប្រជាពលរដ្ឋដែលកំពុងរងនូវអាកាសធាតុក្ដៅ និងកំពុងត្រូវការទឹកភ្លៀង ប៉ុន្តែនៅកន្លែងមួយចំនួនដូចជាតំបន់ក្បាលឆាយនេះ បែរជាជួបនឹងបញ្ហាទឹកជន់លិចលំនៅដ្ឋានទៅវិញ ចំណែកនៅតំបន់ខ្លះក៏បានកើតមាននូវបញ្ហាបាក់រលំផ្ទះសម្បែងជាដើម។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងនៅតែបន្តធ្លាក់នៅសប្តាហ៍ទី៣ ក្នុងខែឧសភានេះ៕