(ភ្នំពេញ)៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីរំលឹកខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព»។
ពិធីដែលបានប្រព្រឹត្តឡើងនៅសាលាខណ្ឌទួលគោកនេះ ក៏មានការចូលរួមពីលោក ជួន វុឌ្ឍី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការនៃសាលាខណ្ឌទួលគោក និងកម្មករនិយោជិតយ៉ាងច្រើនកុះករផងដែរ។
លោក ជួន វុឌ្ឍី បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបលើកទី១០០ របស់អង្គការអន្តរជាតិខាងការងារ ខួបលើកទី៥០ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ ជូនដល់អង្គពិធីទាំងមូលបានស្តាប់។
យោងតាមសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា តាមរយៈគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវអាទិភាពខ្ពស់ទៅលើសុខសន្តិភាព ស្ថិរភាព ដែលជាគន្លឹះនៃការអភិវឌ្ឍ បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខ្លួន ដែលធ្វើឱ្យមានកំណើនជាមធ្យម ៧,៥ភាគរយ ក្នុងរយៈពេលជា២ទសវត្សរ៍ ហើយបង្កើតការងារធ្វើក្នុងអត្រា ៩៩.៣ភាគរយ នៃកម្លាំងពលកម្មសរុបប្រមាណជា ១០លាននាក់ ក្នុងនោះសហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជិត ១ម៉ឺន ៣ពាន់ ដែលមានកម្មករនិយោជិតជិត ១លាន ៥សែននាក់ សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបចំនួនជិត ដែលមានកម្មករនិយោជិត ២លាន ៤សែននាក់ វិស័យកសិកម្មប្រមាណជាង ៤លាននាក់ ពលករធ្វើការងារនៅក្រៅប្រទេសចំនួនប្រមាណជា ១លាន ២សែននាក់ និងមន្ត្រីសាធារណៈចំនួនប្រមាណជាង ៥សែននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍន៍សេវារកការងារធ្វើជូនប្រជាពលរដ្ឋតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ សម្រាប់ការងារក្នុងប្រទេស និងតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់សម្រាប់ការងារក្រៅប្រទេសផងដែរ។
លិខិតដែលអានដោយលោក ជួន វុឌ្ឍី បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍអនាម័យ និងសន្តិសុខការងាររបស់កម្មករនិយោជិត មុខទល់ពេលនេះរោងចក្រ សហគ្រាសប៉ុន្មាន ៨៨ភាគរយ មានគិលានដ្ឋានប្រចាំរោងចក្រ កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋានដែលបានជួយសម្រួលដល់បញ្ហាសុខភាពរបស់កម្មករនិយោជិត កាត់បន្ថយបញ្ហាដួលសន្លប់ គ្រោះថ្នាក់ការងារ បង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការជាតិស្ដីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ឆ្ពោះទៅការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥។ គិតត្រឹមឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ ពលកម្មកុមារត្រូវបានកាត់បន្ថយពីទម្រង់ធ្ងន់ធ្ងរបំផុតប្រមាណពី ៤២ម៉ឺននាក់ មកនៅត្រឹមប្រមាណ ២០ម៉ឺននាក់ និងកំពុងបន្តការងារនេះយ៉ាងសកម្ម។
រាជរដ្ឋាភិបាល ក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីលើកកម្ពស់សុខមាលភាពរបស់កម្មករនិយោជិត បង្កើនផលិតភាព និងសមធម៌សង្គម។ បេឡាជាតិរបបសន្តិសុខសង្គមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដែលបានរៀបចំដាក់ឲ្យដំណើរការនូវរបបហានិភ័យការងារ និងថែទាំសុខភាព ដែលមកដល់ពេលនេះមានសហគ្រាស និងគ្រឹះស្ថានជាង ១ម៉ឺនជាសមាជិក និងមានកម្មករនិយោជិត និងមន្ត្រីសាធារណៈ ១លាន ៥សែននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីរបបទាំងពីរនេះ ហើយនៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការរបបសោធនសម្រាប់កម្មករនិយោជិត និងរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ព្រមទាំងរៀបចំកិច្ចសហប្រតិបត្តិការភ្ជាប់របបសន្តិសុខសង្គម ជាមួយប្រទេសដែលទទួលពលករកម្ពុជា។
រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន មកទល់ពេលនេះ មានកម្មករកម្មការិនីសរុបចំនួន ៦ម៉ឺន ៥ពាន់នាក់ និងចំនួនកូនជិត ៦ម៉ឺន ៦ពាន់នាក់ សរុបជាទឹកប្រាក់អស់ជិត ៦លាន ៦សែនដុល្លារ។ នេះបើយោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងបន្ថែម។
ជាមួយគ្នានេះ លោកស្រី កែវ សុខពិសី បានថ្លែងអបអរសាទរដោយសម្តែងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសប្រារព្ធពិធីរំលឹកខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព»។ លោកស្រី ក៏បានថ្លែងអំណរគុណ ដល់មន្ត្រីនៃសាលាខណ្ឌទួលគោក និងកម្មករនិយោជិតទាំងអស់ ដែលបានសហការគ្នារៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។
លោកស្រីអភិបាលរងរាជធានីភ្នំពេញ តាងនាមឱ្យលោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ត្រីរាជការទាំងអស់ ត្រូវខិតខំបំពេញការងារបន្ថែមទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតនានា ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាបន្តបន្ទាប់នេះ។ លោកស្រី ក៏បាននាំនូវការសាកសួរសុខទុក្ខពីលោក ឃួង ស្រេង និងជូនពរដល់មន្ត្រីរាជការ កម្មករ-កម្មការនីទាំងអស់ នាឱកាសទិវាពលកម្មអន្តរជាតិលើកទី១៣៣នេះ សូមឱ្យជួបតែសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។
សូមបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ (International Labor Day) ហើយនៅប្រទេសខ្លះហៅថា ទិវាកម្មករអន្តរជាតិ (International Workers’ Day ) ចំណែកប្រទេសខ្លះនៅអឺរ៉ុបហៅថា ទិវានៃខែឧសភា (May Day) ត្រូវបានពង្រីកដោយសង្គមនិយមកុំម្មុយនិស្តនិយម និងវណ្ណៈកម្មករ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នៅទីលាន Haymarket Affair កាលពីឆ្នាំ១៨៨៦។ គេចាប់ផ្តើមប្រារព្ធពិធីនេះដំបូង នៅឆ្នាំ១៨៨៧ ប៉ុន្តែកាលណោះធ្វើនៅខែកញ្ញា លុះដល់ឆ្នាំ១៩០៤ ទើបទិវានេះត្រូវបានធ្វើនៅថ្ងៃទី១ ខែឧសភារហូតមក។
ជុំវិញនៃការបង្កើតឱ្យមាន «ទិវាពលកម្មអន្តរជាតិ» នេះ មានជាប់ទាក់ទងនឹងចលនាបដិវត្តន៍របស់កម្មករនិយោជិតនៅក្នុងអាមេរិក ដែលត្រូវបានបំពាន ដោយនយោជករបស់ខ្លួន នៅក្នុងអំឡុងសតវត្សន៍ទី១៩។ បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប បានកំណត់យកដើមខែឧសភា ជាថ្ងៃសម្រាកប្រពៃណីរបស់ពួកគេ ដែលមានឈ្មោះថា ទិវានៃខែឧសភា ឬ May Day។ ដោយហេតុនេះ អង្គការអន្តរជាតិខាងការងារ ILO ក៏បានកំណត់យកថ្ងៃទី១ ខែឧសភា ថាជាទិវាពលកម្មអន្តរជាតិ ហើយប្រារព្ធធ្វើរៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក៕