(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហៅកាត់ថា TYDA ជាលើកទី៤។ សកម្មភាពលើកទី៤នេះ បានប្រព្រឹត្តទៅក្រោមការសម្របសម្រួលពីក្រុមការងាររបស់លោក ហេង សួរ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ទទួលបន្ទុកការងារយុវជន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំចុងជាច។
លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យ TYDA បានលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោនេះ ត្រូវបានបង្កើតឡើងក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងដើម្បីផ្ដល់នូវសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ដែលកំពុងមានការមមាញឹកនឹងការងារ មិនសូវបានគិតគូរពីបញ្ហាសុខភាព និងគ្មានពេលាវេលាច្រើនក្នុងការទៅពិនិត្យសុខភាព ឬព្យាបាលជំងឺរបស់ខ្លួន ឬក៏គ្មានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺផងដែរ។
លោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅស្រុកតំបែរទាំងអស់ សូមរួសរាន់មកពិនិត្យសុខភាព និងព្យាបាលជំងឺរបស់ខ្លួនឱ្យបានច្រើន និងសូមផ្សព្វផ្សាយបន្តដល់សាច់ញាតិ ឬមិត្តភក្តិ អ្នកជិតខាងរបស់ខ្លួន ដើម្បីមកទទួលសេវាសុខាភិបាលដែលបានរៀបចំនៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតនៅភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ។ លោកស្រីក៏បានផ្តែផ្តាំ ទៅកាន់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ សូមមានការយកចិត្តទុកដាក់ និងការថែរក្សាសុខភាពរបស់ខ្លួន ពិសេសសូមយកចិត្តទុកដាក់លើបញ្ហាអនាម័យ រស់នៅហូបស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ។
លើសពីនេះទៅទៀត លោកស្រី ពេជ ចន្ធមុនី្ន ហ៊ុនម៉ាណែត ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខចំពោះប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកតំបែរ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
នៅក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសសម្ដេចទាំងទ្វេបានខិតខំយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។ លោកថា ដូចជាពេលនេះជាដើម សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញឱ្យក្រុមគ្រូពេទ្យ TYDA ឱ្យចុះមកពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកតំបែរ ក្រោមការដឹកនាំពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពិនិត្យព្យាបាលជំងឺនាថ្ងៃនេះដែរ មានប្រមាណ ២០០នាក់ មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យព្រះកេតុមាលា ហើយអ្នកខ្លះកំពុងនៅជានិស្សិត និងអ្នកបញ្ចប់ការសិក្សាពីក្រៅប្រទេស បានពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ មានទាំងប្រភេទជំងឺទូទៅ ជំងឺមាត់ធ្មេញ ភ្នែក បំពង់ក ច្រមុះ បេះដូង ឈឺសន្លាក់ រោគស្ត្រី ពិនិត្យផ្ទៃពោះ ឆ្លុះអេកូ ឫសដូងបាត និងប្រភេទជំងឺច្រើនប្រភេទទៀតបានចំនួនប្រមាណជាង ២០០០នាក់៕