(បាត់ដំបង)៖ អនុប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំនរា ស្រុកសង្កែ លោក សែម ស៉ីណង នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារបក្សមូលដ្ឋានស្រុក ឃុំ នាំអំណោយសម្តេក្រឡាហោម ស ខេង ដែលមានដូចជាស័ង្កសី និងថវិកាចែកជូនពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ៧គ្រួសារនៅឃុំនរា។
លោក សែម ស៉ីណង បានឲ្យដឹងថា សកម្មភាពនេះបានធ្វើឡើងក្រោមការណែនាំជាប្រចាំរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោក ឡោក ហ៊ួរ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងក្នុងនាមលោកផ្ទាល់ ដោយបានឃើញប្រជាពលរដ្ឋកំពុងជួបការលំបាកដោយសារខ្យល់កន្រ្តាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែង ប៉ើងដំបូល និងដួលទាំងស្រុងចំនួន៧ គ្រួសារនៅក្នុងឃុំនរា។
ដើម្បីឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា លោកបានដឹកនាំក្រុមការងារបក្សស្រុក បក្សឃុំ សាខាបក្សភូមិនាំយកស័ង្កសីចំនួន៩០សន្លឹក ទៅចែកតាមខ្នងផ្ទះផ្ទាល់ជូនពលរដ្ឋរងគ្រោះធ្ងន់ធ្ងរទាំង៧គ្រួសារ ទៅតាមការខូចខាតជាក់ស្តែងផ្ទះនីមួយៗ។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណ និងដឹងគុណដល់ក្រុមការងារទាំងអស់ ដែលតែងតែដឹងសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានជួយទាន់ពេលវេលារហូតមក និងនាំគ្នាប្តេជា្ញចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសដើម្បីអភិវឌ្ឍន៍កាន់តែរីកចម្រើនតទៅ៕