Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តស្វាយរៀង ចាត់ទុកវិស័យពុទ្ធិកសិក្សារួមចំណែកបណ្តុះបណ្តាលធនធាមនុស្ស

05-05-2019 10:59

(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា វិស័យពុទ្ធិកសិក្សា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមុស្ស ជាពិសេសកុលបុត្រដែលបានចូលមកបួសក្នុងព្រះពុទ្ធសាសនា។

ការលើកឡើងរបស់លោក រស់ ផារិទ្ធ បែបនេះ បានធ្វើឡើងនៅក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ព.ស. ២៥៦២-២៥៦៣ គ.ស. ២០១៩-២០២០ នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសមណសិស្សជិត ១០០០អង្គ ផងដែរ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា តាមរយៈវិស័យពុទ្ធចក្រនេះ ប្រទេសជាតិទទួលបាននូវអ្នកមានចំណេះដឹងជាច្រើន ដែលជាសរសរទ្រូងដ៏រឹងមាំ ចូលរួមចំណែកថែរក្សាការពារវប្បធម៌ អរិយធម៌ ប្រពៃណី តាមគន្លងព្រះពុទ្ធសាសនា ដែលជាអត្តសញ្ញាណជាតិខ្មែរ ដូច្នេះការយកចិត្តទុកដាក់ចំពោះវិស័យពុទ្ធិកសិក្សា ជាការចាំបាច់ដែលត្រូវពង្រីក ពង្រឹងឲ្យបានកាន់តែទូលំទូលាយថែមទៀត។

លោកបានផ្តល់អនុសាសន៍មួយចំនួនដែលត្រូវអនុវត្តបន្តនោះ ក្នុងនោះព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើង តាមរយៈព្រះវិន័យតាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាបន័ព្រះពុទ្ធសាសនា ជាគម្រូល្អដល់ពុទ្ធបរិស័ទ និងរួមចំណែកជួយអប់រំសីលធម៌ដល់សង្គម។

មួយវិញទៀត មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាព សាលាពុទ្ធិកគ្រប់កម្រិតឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលី-សំស្ក្រឹត ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយដ៏ល្អប្រពៃក្នុងសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងភាពសុខដុមរមនា៕