(បន្ទាយមានជ័យ)៖ ករណីអគ្គិភ័យឆេះផ្សារអូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបំផ្លាញទ្រព្យសម្បត្តិអាជីវករជាង៣០ម៉ឺនដុល្លារ។ អគ្គិភ័យដ៏កំណាចនេះ បានកើតឡើងនាវេលាម៉ោង៤ព្រឹក ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានប្រាប់ឱ្យភ្នាក់ងារ Fresh News ដឹងថា ក្នុងស្ថានភាពបឋម អគ្គិភ័យនេះបានបំផ្លាញទ្រព្យសម្បត្តិអាជីវករយ៉ាងច្រើន គួរឱ្យសោកស្តាយខ្លាំងណាស់។ លោកបន្តថា «ករណីខាងលើនេះ បានបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករបស់យើង អស់ជាច្រើនម៉ឺនដុល្លារ ក្នុងស្ថានភាពស្ថានបណ្តោះអាស្ននសិន»

លោកស្នងការបន្តថា មន្ត្រីជំនាញបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿងផងដែរ។ ទោះបីជាយ៉ាងណា លោកស្នងការខេត្តរូបនេះ មិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឱ្យមានគ្រោះអគ្គិភ័យនេះបាននៅឡើយទេ។

ជាមួយគ្នានេះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ឱ្យដឹងថា ករណីខាងលើនេះអគ្គីភ័យបានបំផ្លាញតូបអាជីវករអស់ចំនួន ៦៧តូប និងបំផ្លាញសម្ភារ បើគិតជាថវិកាអស់ជាង ៣០ម៉ឺនដុល្លារ និងប្រើប្រាស់ឡានបាញ់ទឹកជាង៣០ឡាន។ លោកថា ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរកំពុងស្រាវជ្រាវពីមូលហេតុឱ្យបានច្បាស់លាស់៕