(ព្រែងវែង)៖ ឆ្លើយតបនឹងការស្នើសុំអគារសិក្សារបស់ លោកគ្រូអ្នកគ្រូអនុវិទ្យាល័យអង្គរទ្រេត តាមរយៈបណ្តាញ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នោះ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានចាត់តាំងក្រុមការងារស្រុក និងដោយមានការចូលរួម ពីក្រុមការងារឃុំអង្គរទ្រេត អាជ្ញាធរស្រុក អាជ្ញាធរឃុំ ចុះជួប និងស្តាប់សំណូមពរជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យអង្គរទ្រេត។
នាយកអនុវិទ្យាល័យអង្គរទ្រេត បានបញ្ជាក់ថា បច្ចុប្បន្នសាលា មានគ្រូចំនួន១៦នាក់ ស្រី៧នាក់ សិស្សានុសិស្សចំនួន២៥៥នាក់ ស្រី១២៧នាក់ មានអគារ១ខ្នង ៥បន្ទប់ ដោយ១បន្ទប់ប្រើប្រាស់ជាទីចាត់ការ និងសល់៤បន្ទប់ សម្រាប់សកម្មភាពរៀន និងបង្រៀន។ ផ្ទៃដីសាលាទំហំ ៦,០០០ម៉ែត្រការ៉េ ក្នុងនោះសំណង់អគារចាស់ទំហំ ១,៦០០ម៉ែត្រការ៉េ នៅសល់ដីសម្រាប់សាងសង់ ៤,៤០០ម៉ែត្រការ៉េ។
តាមការពិនិត្យ សំណើសុំរបស់លោកគ្រូ អ្នកគ្រូ មើលឃើញថា សមស្រប ដូចនេះក្រុមការងារដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្រេចសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ ជូនតាមសំណើក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អនុវិទ្យាល័យអង្គរទ្រេត សូមគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក ព្រមទាំងសមាជិកក្រុមការងារ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ៕