(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឲ្យក្រុមគ្រូពេទ្យនៅកម្ពុជាទាំងអស់ គោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ហើយអ្វីដែលសំខាន់ជាងនេះ គឺសូមរក្សាឲ្យបាននូវការសំងាត់របស់អ្នកជំងឺ។
ការលើកឡើងបែបនេះ របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងកម្មវិធី បើកសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលវេជ្ជសាស្ត្រកម្ពុជា SingMed នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។
ក្នុងឱកាសបើកសម្ពោធនេះ លោកស្រីវជ្ជបណ្ឌិតសង្កត់ធ្ងនថា «គ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងរក្សាឲ្យបាននូវការសំងាត់របស់អ្នកជំងឺ មានន័យថា មិនមែនរាល់អ្នកជំងឺដែលបានមក ពិនិត្យព្យាបាលនៅកន្លែងរបស់ខ្លួន និងដឹងអំពីរោគសញ្ញាអ្នកជំងឺ ទៅប្រាប់គេផ្ដេសផ្ដាសនោះឡើយ ព្រោះនេះជាទង្វើដែលខុសពីគោលការណ៍វេជ្ជសាស្រ្ដ»។
លោកស្រីវេជ្ជបណ្ឌិតបន្ដថា លើសពីនេះរាល់ឯកសារអំពីអ្នកជំងឺគ្រូពេទ្យទាំងអស់ ចាំបាច់ត្រូវតែរក្សាទុកឲ្យបានត្រឹមត្រូវ ដោយមិនអនុញ្ញាតិឲ្យបុគ្គលដទៃយកមើលផ្ដេសផ្ដាសឡើយ។
លោកស្រីបានបន្ដថា ដោយឡែកសម្រាប់ការចូលមកបម្រើសេវាកម្ម ផ្នែកវេជ្ជសាស្រ្ដនៅកម្ពុជា របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ SingMed នឹងផ្ដល់ជូននូវការពិនិត្យ និងព្យាបាលអ្នកជំងឺបានច្បាស់ និងប្រកបដោយវិជ្ជាជីវៈស្របតាមក្រសួងសុខាភិបាល ព្រមទាំងផ្ដល់ភាពងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋខ្មែរដោយមិនចាំបាច់ចំណាយថវិកា ទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី ព្រោះថាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ SingMed ក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុនវេជ្ជសាស្រ្តសិង្ហបុរី SG Medical Holdings Pte Ltd។
លោកស្រី ពិន នេត្រា នាយកប្រតិបត្តិមជ្ឈមណ្ឌលវេជ្ជសាស្ត្រកម្ពុជា SingMed បានឲ្យដឹងថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រកម្ពុជា SingMed ជាមជ្ឈមណ្ឌលបម្រើសេវាកម្មលើការពិនិត្យសុខភាព, រោគវិនិច្ឆ័យពីអាការៈអ្នកជំងឺ ដោយបច្ចេកទេសបែបទំនើបឆាប់រហ័ស និងច្បាស់លាស់មកពីប្រទេសិង្ហបុរី។
លោកស្រីបន្ថែមថា SingMed ជាមជ្ឈមណ្ឌលផ្ដោតសំខាន់ លើការពិនិត្យរករោគវិនិច្ឆ័យអ្នកជំងឺ ដើម្បីបញ្ជាក់ឲ្យដឹងថា អ្នកជំងឺកើតអ្វីឲ្យពិតប្រាកដ ហើយត្រូវព្យាបាលតាមរបៀបណា ឬព្យាបាលនៅមន្ទីរពេទ្យណាជាដើម។
លោកស្រីបន្ដថា បន្ទាប់ពីមានការសហការជាមួយវិស័យសុខាភិបាលកម្ពុជា SingMed នឹងផ្ដល់ជូនសេវាកម្មល្អ និងច្បាស់លាស់បំផុតដល់អ្នកជំងឺ។ ក្នុងនោះមានការពិនិត្យ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដូចជា៖ ប្រព័ន្ធឆ្លុះចុងក្រោយបង្អស់របស់ FUJIFILM ដែលប្រើរូបភាពពន្លឺខៀវ (Blue Light Imaging) និងរូបភាពពណ៌តភ្ជាប់ (Linked Color Imaging), ម៉ាស៊ីនស្កែន GE SIGNA CREATOR 1.5Testla MRI របស់ GE Healthcare High Field ដែលឧបករណ៍ទាំងនេះនឹងផ្ដល់ជូនភាពជាក់លាក់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងលំហូរការងាររបស់អ្នកជំងឺ។
លោកស្រីបញ្ជាក់ថា លើសពីនេះបុគ្គលិកពេទ្យរបស់ SingMed សុទ្ធសឹងជាអ្នកមានជំនាញវិជ្ជាជីវៈអាចនិយាយ ភាសាអង់គ្លេស, ចិន និងខ្មែរបានយ៉ាងល្អ និងងាយស្រួលក្នុងការទំនាក់ទំនង ជាមួយអ្នកជំងឺទាំងក្នុងស្រុក និងអ្នកជំងឺបរទេស។
សូមជម្រាបថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រ SingMed មានទីតាំងស្ថិតនៅជាប់នឹងអគារវឌ្ឍនៈ ហើយមជ្ឈមណ្ឌលនេះនឹងផ្តល់ជូនសេវាកម្មយ៉ាងទូលំទូលាយ ក្នុងការរករោគវិនិច្ឆ័យតាមបែបទំនើប និងបច្ចេកវិទ្យាខ្ពស់ចុងក្រោយយ៉ាងមានភាពជឿទុកចិត្ត និងប្រកបដោយប្រសិទ្ធភាព៕
http://image.freshnewsasia.com/2019/fn-2019-05-05-07-08-07-9.jp