(កំពង់ធំ)៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនចុះជួយស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែងទាំង៨៨រូប គណបក្សប្រជាជនស្រុកស្ទោងបន្ត និងពង្រឹងសាមគ្គីភាពការពារថែរក្សាសុខសន្តិភាព និងសមិទ្ធផលដែលមានឲ្យបានគង់វង្ស។

នេះជាការអំពាវនាវរបស់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង លើកឡើងនៅក្នុងឱកាសជួបជាមួយសមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែង ស្ថិតស្រុកស្ទោង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលពួកគាត់មកបានជួបជុំគ្នា ដើម្បីស្វែងយល់លើខ្លឹមសារ សម្រាប់យុទ្ធនាការឃោសនាក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង និងស្រុកអាណ្ណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ ព្រមទាំងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។

លោក ជា ចាន់តូ បានជំរុញឲ្យសមាជិកឃុំ ក្នុងតំណែងទាំងអស់បន្តប្រព្រឹត្តិអំពើល្អ និងការបន្តពង្រឹងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។

លោកក៏បានស្នើឲ្យមន្ត្រីឃុំ បន្តការខិតខំប្រឹងប្រែងស្វែងយល់ពី តម្រូវការប្រជាពលរដ្ឋឲ្យបានល្អ។ អ្វីដែលត្រូវយកចិត្តទុកដាក់ចំពោះមុខគឺ ត្រូវធ្វើអ្វីៗគ្រប់យ៉ាងថែរក្សាសុខសន្តិភាព ការពាររាល់សមិទ្ធផលដែលមានឲ្យបានគង់វង្ស ដើម្បីវឌ្ឍនភាពសង្គម និងឲ្យប្រទេសជាតិមានកាន់តែមានការអភិវឌ្ឍរីកចម្រើន សម្បូររុងរឿងថែមទៀត ដើម្បីឲ្យការស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដមរម្យនាក្នុងសុខសន្តិភាព។

លោក ជា ចាន់តូ បញ្ជាក់ថា ទោះបីជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង និងស្រុក ជាការបោះឆ្នោតអសកល និងមានចំនួនគណបក្សចូលរួមតិចតួចយ៉ាងក៏ដោយគណបក្សប្រជាជនកម្ពុជា នៅតែត្រូវការជោគជ័យ ដើម្បីបន្តពង្រឹងការដឹកនាំប្រទេស និងបម្រើប្រជាជនបន្តទៀត តាមគោលនយោបាយគណបក្ស។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង និងស្រុកអាណ្ណត្តិទី៣ប្រព្រឹត្តិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងនេះ ហើយសម្រាប់យុទ្ធនាឃោសនាវិញនឹងចាប់ផ្ដើម ចាប់ពីថ្ងៃទី១៧-២៥ ខែឧសភា ឆ្នាំ២០១៩៕