(ភ្នំពេញ)៖ ដោយស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ និងមានរចនាបទដ៏ស្រស់ស្អាត The Point ដែលជាមជ្ឈមណ្ឌលសហគមន៍ ធុរកិច្ច និងអគារការិយាល័យបែបថ្មី បានទទួលពានរង្វាន់លំដាប់ពិភពលោកចំនួន២ កាលពីថ្ងៃទី០៣ ខែឧសភា ដោយធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលធុរកិច្ច និងការិយាល័យលេចធ្លោបំផុតនៅកម្ពុជា។
ពានរង្វាន់លំដាប់ថ្នាក់ពិភពលោកទាំង២នោះគឺ ពាងរង្វាន់ «ការរស់នៅតាមសហគមន៍ល្អបំផុត (Best Lifestyle Community Development)» សម្រាប់ការទទួលស្គាល់ភាពអស្ចារ្យនៃសំណង់ និងពានរង្វាន់ «ការរចនាស្ថាបត្យកម្មរបស់ការិយាល័យល្អបំផុត (Best Office Achitectural Design)» សម្រាប់ការទទួលស្គាល់រចនាបទដ៏ស្រស់ស្អាត និងប្រកបដោយការច្នៃប្រឌិតខ្ពស់របស់ The Point ។
ពានរង្វាន់ទាំង២នេះ ត្រូវបានផ្តល់ឱ្យ The Point ដោយក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី នៅក្នុងកម្មវិធីប្រកាសពានរង្វាន់ប្រចាំឆ្នាំលើកទី៤ (4th Annual Propoerty Guru Cambodia Property Awards) ដែលរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល កាលពីថ្ងៃទី០៣ ខែឧសភា ដោយក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយនៅអាស៊ីឈ្មោះថា PropertyGuru Group ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិរហូតដល់ ៣៧០នាក់។
ការផ្តល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើងដោយឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់ និងយុត្តិធម៌បំផុតពីចៅក្រមឯករាជ្យ។
លោក ផូរ សុធារៈ អគ្គនាយក ក្រុមហ៊ុន 3DS Property Management ដែលបានសាងសង់មជ្ឈមណ្ឌលសហគមន៍ធុរកិច្ច និងអគារការិយាល័យ The Point បានលើកឡើងយ៉ាងដូច្នេះថា «ពានរង្វាន់ទាំង២នេះ គឺជាការទទួលស្គាល់ជាលក្ខណ:អន្តរជាតិចំពោះគុណភាព ភាពអស្ចារ្យ និងរចនា បទប្រកបដោយភាពទាក់ទាញរបស់ The Point ដែលជាមជ្ឈមណ្ឌលដ៏ទំនើបថ្មីមួយសម្រាប់ការធ្វើការងារការិយាល័យ ការសម្រាកកម្សាន្ត និងការទិញទំនិញគ្រប់មុខ ក៏ដូចជាការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើន» ។
លោកបានគូសបញ្ជាក់បន្ថែបទៀតថា The Point នឹងធ្វើឱ្យការរស់នៅ និងការបំពេញការងាររបស់អ្នករស់នៅ និងធុរជននៅក្រុងភ្នំពេញកាន់តែមានភាពងាយស្រួល និងសប្បាយរីករាយ ដោយសារតែសំណង់ អគារ ការិយាល័យដ៏ស្រស់ស្អាតដែលមានរចនាបថទាក់ទាញ និងហាងទំនិញជាច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់អ្នកធ្វើការ និងរស់នៅភ្នំពេញ។ វានឹងធ្វើឱ្យមានការកែប្រែកាន់តែប្រសើរសម្រាប់ការរស់នៅ ការបំពេញការងារ និងធុរកិច្ច ។
សូមបញ្ជាក់ថា The Point គឺជាគម្រោង អគារការិយាល័យ និងផ្សារ សហគមន៍ដែលត្រូវបានវិនិយោគរួមគ្នាដោយ វិនិយោគិនក្នុងស្រុក។ អគារការិយាល័យ នេះបាន បោះទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលតម្លៃដីសាងសង់ឡើយ។ The Point បានរៀបចំពិធីបុកគ្រឹះ សាងសង់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលគម្រោងនេះនឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់តម្រូវការអគាការិយាល័យនៅកម្ពុជា និងជាបណ្តុំនៃផ្សារ និងហាងទំនើបៗជាច្រើន។
មជ្ឈមណ្ឌលផ្សារសហគមន៍ និងអគារការិយាល័យ The Point ដែលមានកម្ពស់៧ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង នឹងលេចរូបរាង និង ដំណើរការពេញលេញនៅអំឡុងត្រីមាសទី៤ ក្នុងឆ្នាំ២០១៩ ខាងមុខនេះហើយ៕