(តាកែវ)៖ កម្លាំងនគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅចុះប្រតិបត្តិការបង្ក្រាប ស្រាប់តែក្រុមជនល្មើសមានកាំភ្លើងបានបាញ់មកដល់សមត្ថកិច្ច រហូតកម្លាំងសមត្ថកិច្ចបានបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីគំរាមដល់ក្រុមជនល្មើសផងដែរ។
ប៉ុន្ដែបើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយមានការបាញ់តដៃជាមួយកម្លាំងនគរបាលរបស់នោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងអន្ដរាគមន៍ពិសេស ចេញជួយអន្ដរាគមន៍ ដើម្បីឈានដល់ការបង្ក្រាបបានជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញបានប្រើប្រាស់វិធានការចរចារ ជាមួយក្រុមជនល្មើសអស់ប្រមាណជាង៣ម៉ោងកន្លះ ទើបចាប់បានជនសង្ស័យម្នាក់ឈ្មោះ យឹម វណ្ណឌី អាយុ ២២ឆ្នាំ ស្រុកកំណើត ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងដកហូតបានកាំភ្លើងខ្លីម៉ាក Glock មួយដើម ដាវចំនួន២ និងថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំង ជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕