(ភ្នំពេញ)៖ ស្របពេលដែលបញ្ហាទឹក-ភ្លើង បាននិងកំពុងកង្វះខាតច្រើន ពោលឧស្សាហ៍ដាច់ញឹកញាប់ក្នុងការប្រើប្រាស់មិនគ្រប់គ្រាន់នោះ លោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានប្រកាសប្រាប់ប្រជាពលរដ្ឋថា នៅមិនយូរប៉ុន្មានទៀតទេ ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រាកដជាមានទឹក និងភ្លើងសម្រាប់ប្រើប្រាស់ជាធម្មតាដូចដើមវិញមិនខានឡើយ ព្រោះកំពុងបន្តដោះស្រាយជាបន្តបន្ទាប់។
នេះបើតាមការបញ្ជាក់ឲ្យបានដឹងពីលោក ប៊ុន ថៃរ៉ូត មន្ត្រីជំនួយការលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ នៅក្នុងពេលដែលលោកស្រី អាន ផល្លា អញ្ជើញជាមួយលោកស្រី សួស សូលីដា ចុះសួរសុខទុក្ខដោយនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាអនុសាខាខណ្ឌ ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងអ្នកមានជំងឺរស់នៅសង្កាត់ទួលសង្កែទី១ នាល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។
ក្រៅពីបញ្ហាទឹក និងភ្លើងដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញឲ្យមន្ត្រីធ្វើយ៉ាងណាដោះស្រាយឲ្យបានលឿន តាមដែលអាចធ្វើទៅបាន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នោះ លោកស្រី អាន ផល្លា ជា ពិសី បានបញ្ជាក់ថា កម្មករ កម្មការិនីឯណោះវិញ សម្ដេចតេជោ ក៏បានគិតគូរយ៉ាងខ្លាំងផងដែរ នៅឆ្នាំ២០១៩នេះ ដោយបានតម្លើងប្រាក់ខែចាប់ពី១៧០ដុល្លារ ទៅ១៨២ដុល្លារ បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់កម្មករកម្មការិនីកាន់តែមានភាពល្អប្រសើរឡើង។
បន្ថែមពីនេះ លោកស្រីបន្តថា ជាពិសេសទៅទៀតនោះ នៅឆ្នាំ២០១៩នេះដែរ សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមអនុវត្តការបើកប្រាក់២ដង ក្នុង១ខែ ដល់កម្មករកម្មការិនី និងមន្ត្រីរាជការទាំងអស់ ដែលនឹងធ្វើឲ្យពួកគាត់កាន់តែមានភាពងាយស្រួល ក្នុងការទទួលបានប្រាក់យកមកដោះស្រាយទៅតាមតម្រូវការ ជីវភាពគ្រួសារប្រចាំថ្ងៃ៕