(រតនគិរី)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះពង្រឹងមូលដ្ឋានខេត្តរតនគិរី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះពិនិត្យ និងដោះស្រាយបន្ទាន់នូវបញ្ហាកង្វះខាតទឹកប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋនៅភូមិតាកុកភ្នង ឃុំបរខាំ និងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បន្ទាប់ពីបានចុះពិនិត្យទីតាំងដែលមានការខ្វះខាតទឹកទាំងពីររួចមក ទេសរដ្ឋមន្រ្តី លី ធុជ បានសម្រេចចិត្តឲ្យជីកស្រះទឹកដែលមានទំហំ១០ម៉ែត្រ គុណ១០ម៉ែត្រ ជម្រៅ៣ម៉ែត្រ នៅក្នុងភូមិទាំងពីរ ដើម្បីយកទឹកចេញពីដីសម្រាប់ប្រើប្រាស់ តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំងពីរ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបដល់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនជានិច្ច ហើយសម្តេចតែងតែណែនាំ ដល់ក្រុមការងារឲ្យចុះសួរសុខទុក និងដោះស្រាយនូវសំណូមពរ និងសំណើរបស់បងប្អូនជានិច្ច ជាពិសេសសម្តេចស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រួវយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព។
បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការរាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋានអំពីបញ្ហាផ្សេងៗ ដែលបានជួបប្រទះនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ និងជួយដោះស្រាយបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ ដែលប្រជាពលរដ្ឋបានជួបប្រទះនៅមូលដ្ឋាន ជាពិសេសបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់នារដូវប្រាំងនេះ៕