(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ថ្ងៃសៅរ៍ទី៤ ខែឧសភានេះ គឺជាថ្ងៃរៀបចំការបោះឆ្នោតផ្លូវការចុងក្រោយ នៃការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ សម្រាប់អាណត្តទី២ លើកទី២។
ការបោះឆ្នោតនេះ រៀបចំនៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ និងចូលរួមជាអធិបតីដោយ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
នាឱកាសនោះ លោក ម៉ៅ ថូរ៉ា មានប្រសាសន៍ថា ការរៀបចំបោះឆ្នោតលើកនេះ គឺជាការបោះឆ្នោតជ្រើសរើសអនុប្រធានចំនួន៥រូប សម្រាប់ក្បាលម៉ាស៊ីន សភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិទី២ លើកទី២ បន្ទាប់ពីបានបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មអាណត្តិថ្មីនេះ បានបញ្ចប់កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
លោកបន្តថា លទ្ធផលនៃការបោះឆ្នោតឈ្នះ ឬទទួលបានតួនាទីអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិថ្មីចំនួន៥រូប រួមមាន៖ លោក ឈុន សារុំ, លោក ព្រាប សុភាព, លោកស្រី ខែម ចិន្តា, លោកឧកញ៉ា សុខ ហេង និងលោកជំទាវ ហ្គេច មួយ។
ចំណែក ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី២ លើកទី២ ដែលបានបោះឆ្នោតរួចហើយដែរ គឺបានទៅលើ លោកឧកញ៉ា វណ្ណ សុខហេង ដោយបានបោះឆ្នោតឈ្នះ លោកឧកញ៉ា ឡាវ កាំង អតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិមុន។
បច្ចុប្បន្ន លោកឧកញ៉ា ឡាវ កាំង ត្រូវបានសមាជិកក្បាលម៉ាស៊ីនដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិថ្មី តែងតាំងឲ្យធ្វើជាប្រធានកិត្តិយស។
ត្រង់ចំណុចនេះ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងគាំទ្រ ចំពោះសមាសភាពក្បាលម៉ាស៊ីដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិថ្មី ដែលមានស្ត្រីវ័យក្មេងចំនួនពីររូប ទទួលបានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មអាណត្តិទី២ លើកទី២ នៅពេលនេះ។
បន្ថែមលើនេះ លោក ម៉ៅ ថូរ៉ា ក៏បានជូនពរដល់សមាសភាព នៃក្បាលម៉ាដីនដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិថ្មី ដែលភាគច្រើនជាយុវជនវ័យក្មេង ត្រូវធ្វើយ៉ាងណារួមសហការគ្នាធ្វើការងារ នៅក្នុងស្ថាប័នឯកជនមួយនេះ ឲ្យសម្រេចជោគជ័យតាមផែនការយុទ្ធសាស្រ្ត ដែលបានកំណត់ ឬដាក់ចេញ។ ជាពិសេសជាងនេះ សមាសភាពក្បាលម៉ាស៊ីនដឹកនាំ និងសមាជិកទាំងអស់ ត្រូវចូលរួមសហការជាមួយ អាជ្ញាធរ រដ្ឋាបាលខេតព្រះសីហនុ និងមន្ទីរស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឲ្យបានល្អ ដើម្បីរួមចំណែកជួយជម្រុញឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនច្រើនថែមទៀតនាថ្ងៃបណ្តាឆ្នាំខាងមុខៗ៕