(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ការហ្វឹកហ្វឺនគឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បីបម្រើឱ្យការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិនៅចំពោះមុខ និងទៅថ្ងៃអនាគត។

ការថ្លែងបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងជំនាញកាំភ្លើងការពារដែនអាកាសជំនាន់ទី៣ និងពិធីបើកវគ្គបំប៉នការងារ សេនាធិការ ថ្នាក់កងអនុសេនាធំ និងវរសេនាតូច ឆ្នាំ២០១៩ នៅឯសាលាជំនាញការពារដែនអាកាស នៃបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

នាយឧត្តមសេនីយ៍រូបនេះ ក៏បានផ្តល់អនុសាស្ត្រ និងជំរុញដល់បញ្ជាការដ្ឋានការពារអាកាស និងសាលា ត្រូវបន្តជំរុញការយកចិត្តទុកដាក់ បង្កើនសមត្ថភាព ធនធានមនុស្ស ដើម្បីដើរតាមការវិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ ក្នុងតំបន់ពិសេស ក្នុងវិស័យការពារជាតិ។ ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រៃងបំពេញការងារ របស់មេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានសហការសាមគ្គី ឯកភាពគ្នា ធ្វើឱ្យសម្រេចនូវផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់សាលានាពេលនេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាននាំនូវការផ្តាំផ្ញើសារសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមយោធាចារ្យ និងសិក្ខាកាមទាំងអស់ និងផ្ញើការនឹករលឹកផងដែរ ចំពោះក្រុមគ្រួសារ យោធិនទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដណ្តើមស្នាដៃ លើកិច្ចការពារបូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងត្រូវស្មោះត្រង់ ចំពោះជាតិ មាតុភូមិ លើកកម្ពស់មនសិការស្នេហាជាតិដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពដែនអាកាសនៃមាតុភូមិកម្ពុជា។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់ប្អូនៗដែល ទើបបញ្ចប់ការហ្វឹកហ្វឺន និងត្រូវហ្វឹកហ្វឺនបន្តត្រូវយកចិត្តទុកដាក់ខិតខំតស៊ូអនុវត្តឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញការពារអាកាសនេះ ឱ្យកាន់តែស្ទាត់ជំនាញ។ ព្រមទាំងបានផ្ដល់នូវថវិកាចំនួន ១០លានរៀល ដល់បញ្ជាការដ្ឋានការពារអាកាស និងសាលាសម្រាប់ធ្វើផ្លូវ ព្រមទាំងឧបត្ថម្ភថវិកា ១០លានរៀលបន្ថែមទៀត សម្រាប់ការងារហ្វឹកហ្វឺនបន្តផងដែរ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ក៏បានដាស់តឿនដល់នាយទាហានទាំងអស់ ក៏ត្រូវគោរពឱ្យបានយ៉ាងម៉ឺងមាត់នូវរាល់បទបញ្ជាលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ និងច្បាប់នានារបស់រដ្ឋ ប្រឆាំងដាច់ខាតបដិវត្តពណ៌ និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ពិសេសត្រូវជៀសឱ្យឆ្ងាយពីរគ្រឿងញៀន៕