(ឧត្តរមានជ័យ)៖ សាខាកាកកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រារព្ធខួបលើកទី១៥៦ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព លោក គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តឧត្តរមានជ័យ។
ក្នុងពិធីនេះក៏មានការចូលរួមពី លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ព្រមទាំងសមាជិក ក្រុមការងារថ្នាក់ជាតិ លោកឧកញ៉ា មន្ត្រីរាជការ មហាជន និងអាជីវករក្នុងខេត្តចូលរួមយ៉ាងច្រើនកុះករ។
តាមរបាយការណ៍របស់ លោក ឃិន ញ៉ាន ប្រធានសាខាកាកកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំកន្លងមកសាខាកាកបាទក្រហមខេត្ត បានផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសាររងគ្រោះ និងគ្រួសារងាយរងគ្រោះ បានចំនួន៤,០៨៦គ្រួសារ ក្នុងនោះជំនួយរបស់ស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចំនួន៩៣០គ្រួសារ បន្ទាប់ពីការអានសេចក្តីថ្លែងការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយលោក ប៉ែន កុសល្យ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងកោតសសើរចំពោះសកម្មភាពរបស់សាខាកាកកបាទក្រហមខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ក្រោមការដឹកនាំ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការអ្វីឡើយ។
ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានចលនាដល់ក្រុមការងារ លោកឧកញ៉ា មន្ត្រីរាជការ អាជីវករ និងសប្បុរសជនឲ្យចូលរួមវិភាគទាន ដើម្បីទ្រទ្រង់សកម្មភាពសាខា កាកបាទក្រហមខេត្ត ឆ្លើយតបតាមការអំពាវនាវរបស់លោក គន់ គីម នាព្រឹកនេះសាខាកាកកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ទទួលបានថវិកាពីសប្បុរសជន ចំនួន ១៤ម៉ឺនដុល្លារអាមេរិក។
ជំនួសមុខឲឲ្យកាកកបាទក្រហមខេត្ត ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន និងក្រុមហ៊ុននាៗ ដែលបានចូលរួមថវិកា ជួយទ្រទ្រង់ដល់សាខាកាកបាទខេត្ត៕