(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារទទួលបានផ្ទះថ្មី ជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
អំណោយផ្ទះថ្មី៣ខ្នងនេះ ត្រូវបានជូនដល់ប្រជាពលរដ្ឋ៣គ្រួសារ រស់នៅឃុំត្បូងក្រពើ និងឃុំជ្រាបស្ថិត ស្រុកសន្ទុក ខេត្តកពង់ធំនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ តាមរយៈលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
ផ្ទះថ្មីទាំង៣ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លាប្រកបដោយទឹកចិត្តព្រហ្មវិហារធ៌មពោរពេញ ដោយក្ដីអាណិតស្រឡាញ់ជាពន់ពេកពីសម្ដេចសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ផ្ទះថ្មីទាំង៣ខ្នងនេះ សាងសង់ដោយក្រុមការងារ ដឹកនាំដោយផ្ទាល់ពីលោកស្រី ខៀវ ស៊ីណា សង់ពីឈើប្រក់ស័ង្កសីមានទំហំ៤គុណ៦ម៉ែត្រ។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ឲ្យដឹងថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយសម្តេចតេជោ និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត តែងតែគិតគូរជួយដោះស្រាយ ដល់ការខ្វះខាតរបស់ប្រជាពលរដ្ឋក្រីក្រ និងតាមរយៈក្រុមការងារ។
លោកស្រីបន្ដថា ដើម្បីរំដោះខ្លួនចេញពីការខ្វះខាត បានលុះត្រាណាបងប្អូនមានការតស៊ូ និងខិតខំផ្ទាល់ពីខ្លួនយើងផ្ទាល់ ដោយតាមរយៈការចិញ្ចឹមសត្វ, បង្កបង្កើនផល និងការប្រកបមុខរបរបន្ថែមក្រៅពីធ្វើស្រែចម្ការ។
លោកស្រី ខៀវ ស៊ីណា បានអំនាវដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ព្រោះរដូវនេះជារដូវក្ដៅងាយកើតជំងឺផ្សេងៗពិសេសជំងឺរាគ។
លោកស្រីបន្ដថា គ្រប់កាលៈទេសៈថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន តែងតែចុះជួយដោះស្រាយ ការខ្វះខាតរបស់ប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស ដោយចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំគ្រប់ៗរូប ដែលត្រូវតែមានការគាំពារយកចិត្តទុកដាក់ និងជួយឧបត្ថម្ភឲ្យទាន់ពេលវេលា។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ក៏បានផ្ដល់ជូនសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដល់គ្រួសារ ដែលទទួលបានផ្ទះថ្មីទាំង៣ ក្នុងនោះដោយក្រុមការងារបានផ្ដល់ថវិកា១លានរៀល ដល់គ្រួសារដែលជំពាក់ថ្លៃដីគេ នៅឃុំត្បូងក្រពើ។
ដោយឡែកនៅរសៀលថ្ងៃដដែលនោះ លោកស្រីក៏បាននាំយកបច្ច័យជាង៣លានរៀល ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខប្រគេន ដល់ព្រះសង្ឃគង់នៅអាស្រម ស្ថិតក្នុងតំបន់សែនអភិវឌ្ឍន៍១ ក្នុងឃុំទីពោផងដែរ៕