(កំពត)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ ដែលត្រូវដំណើរការជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីអភិវឌ្ឍសមត្ថភាពវិជា្ជជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេនឆ្លើយតបទៅនឹងការបន្តកែ ទម្រង់កងកម្លាំងប្រដាប់អាវុធ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ការថ្លែងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីបើសមយុទ្ធ «ហនុមានមាស ២០១៩» ដែលប្រព្រឹត្តធ្វើឡើង នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ ដែលត្រូវដំណើរការជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីអភិវឌ្ឍសមត្ថភាពវិជា្ជជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការបន្តកែ ទម្រង់កងកម្លាំងប្រដាប់អាវុធ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦នេះ»។
មេទ័ពជើងគោកកម្ពុជារូបនេះ បានបន្ថែមទៀតថា ការចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស ២០១៩ លើកនេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារ ហ្វឹកហ្វឺនស្របនឹងផែនការដែលបានដាក់ចេញ ក្នុងនោះយើងរំពឹងនឹងទទួល បានបទពិសោធន៍ជាក់ស្តែង លើការងារមួយចំនួនដូចជា៖ ពង្រឹងសមត្ថភាពជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដីនាពេលបច្ចុប្បន្ន និងទៅអនាគត។ ត្រួតពិនិត្យ វាស់ស្ទង់ និងវាយតម្លៃសមត្ថភាពរបស់យោធិនយើង ក្រោយពីការហ្វឹកហ្វឺននៅតាមបណ្តាសាលា និងកងឯកភាពរួច។ លើកកម្ពស់គុណភាពការងារ និងផ្តល់ចំណេះដឹងលើការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធ ដល់កម្មសិក្សា នាយទាហានសេនាធិការក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចជាក្នុងពេលប្រយុទ្ធ ជាពិសេសធ្វើឱ្យកាន់តែប្រទាក់ក្រឡាគ្នា និងកាន់តែប្រសើរឡើងរវាងការងារត្រៀមប្រយុទ្ធ ប្រយុទ្ធជាមួយនឹងការងារធានា។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សូមចូលរួមអបអរសាទរ ចំពោះលទ្ធផលការងារ ដែលគណៈកម្មការដឹកនាំសមយុទ្ធហនុមានមាស ២០១៩ ក្រោមកិច្ចសហការជាមួយ ស្ថាប័ន-កងឯកភាពពាក់ព័ន្ធ បានខិតខំយកចិត្តទុក ដាក់រៀបចំរហូតសម្រេចបាននាពេលនេះ និងសូមយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ សម្តែងនូវការគាំទ្រលើកទឹកចិត្ត ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីបន្តចូលរួមចំណែកក្នុងការអនុវត្ត ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យការពារជាតិឱ្យបានជោគជ័យ។
ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញអំពីការរួបរួមសាមគ្គីសហការជាធ្លុងមួយ របស់កងយោធពលខេមរភូមិន្ទ ដែលជាសសរទ្រូងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ហើយក៏ជាការបញ្ជាក់ និងបង្ហាញឱ្យកម្លាំងអមិត្តដឹងថា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានជានិច្ចដោយឥតងាករេ។
បច្ចុប្បន្ន កងយោធពលខេមរភូមិ្ទមានប្រព័ន្ធហ្វឹកហ្វឺនកាន់តែប្រសើរឡើងជាលំដាប់ ហើយការ ហ្វឹកហ្វឺនបណ្តុះបណ្តាលយោធិនអាជីព និងការហ្វឹកហ្វឺនជំនាញឯកទេសកំពុងត្រូវបានពង្រឹង។ ជាក់ស្តែង នៅតាមស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ មានការបើកវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់ ស្របទៅតាមផែនការប្រចាំឆ្នាំដែលបានដាក់ចេញ។
បន្ថែមពីនេះ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសបន្ទាប់ពីជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរស់នៅក្នុងសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធិផលទាំងឡាយ ដែលសម្រេចបានក្នុង រយៈពេលកន្លងមកនេះ។ លើមូលដ្ឋាននៃសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវជំនឿយ៉ាងមុខមាំថា បន្ទាប់ពីការចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតហនុមាស ២០១៩ នេះ ឯកឧត្តម អស់លោក មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ យោធាចារ្យ និងនាយទាហានកម្លាំងអនុវត្តទាំងអស់ នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់ដឹកនាំអនុវត្តការងារហ្វឹកហ្វឺននៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕