(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព»។ ពិធីនេះ ធ្វើឡើងនៅក្រុមហ៊ុន «ហ័ងអាញអណ្តូងមាស» ស្ថិតនៅស្រុកកូនមុំ។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក -លោកស្រី អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ តំណាងក្រុមហ៊ុន សហគ្រាសនានា អង្គការដៃគូ កម្មករនិយោជិត ប្រមាណជាង៣០០នាក់។
លោក ថង សាវុន បានថ្លែងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ គឺដើម្បីវាយតម្លៃអំពីវឌ្ឍនភាព ក្នុងភាពជាដៃគូររបស់កម្ពុជា ជាមួយអង្គការអន្តរជាតិខាងការងារ និងក្នុងឋានៈ ជាប្រទេសសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងាររបស់អង្គការសហប្រជាជាតិ ដែលត្រូវបង្កើតឡើងនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានា ក្នុងគោលបំណងបង្កើតយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្រ្តី និងបុរស។
លោកអភិបាលខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ និងការបង្កើតមុខរបរថ្មី។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាច្រើន ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ។
លោក ឌុច ចាន់តូ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ខេត្ដរតនគិរី បានឲ្យដឹងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល មន្ទីរ បានបន្តអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈរយៈពេល៥ឆ្នាំ២០១៩-២០២៣រួមមាន៖
ទី១៖ ជំរុញការបង្កើតឱកាសការងារ ធានាលក្ខខណ្ឌការងារល្អប្រសើរ និងពង្រឹងការងារបេឡាជាតិរបបសន្តិសុខសង្គម។
ទី២៖ អភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងផ្តល់សេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋ។
ទី៣៖ ពង្រឹងអភិបាលកិច្ចល្អ និងពង្រីកសមធម៌យ៉េនឌ័រ។
លោក បន្ថែមទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ មន្ទីរបានចុះអធិការកិច្ចការងារសាមញ្ញចំនួន៥៩លើក ចុះធ្វើអធិការច្ចពិសេសចំនួន៦០លើក ដាក់កំហិត៦០សហគ្រាស, បានចេញលិខិតផាកពិន័យចំនួន៧សហគ្រាស ,ក្នុងខេត្ត មានក្រុមហ៊ុនគ្រឹះស្ថាន សហគ្រាស អង្គការជាតិ និងអន្តរជាតិសរុបចំនួន២៧៦ ដែលមានកម្មករនិយោជិតសរុបចំនួន៩,៧៧៧នាក់ ស្រី២,៩៨៣នាក់ ក្នុងនោះមានក្រុមហ៊ុនវិនិយោគ៣៦ក្រុមហ៊ុន បានចុះបញ្ជីការចំនួន២៨ក្រុមហ៊ុន និងទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥០ដុល្លារ ទៅ៣៥០ដុល្លារក្នុង១ខែ។
នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចែកអំណោយអនុស្សាវរីយ៍ ដល់បងប្អូនកម្មករកម្មការនី ដែលបានចូលរួមជាង៣០០នាក់ផងដែរ។ តមកនៅព្រឹកថ្ងៃដដែលនេះ លោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត និងអ្នកអមដំណើរទាំងអស់ បានអញ្ជើញពិនិត្យ សង្វាក់ផលិតកម្មវេចខ្ចប់ចេកអំបូង របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាសសម្រាប់នាំចេញ។
សូមបញ្ជាក់ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចហ័ងអាញ់ បានវិយោគដាំដំណាំកសិកម្មជាច្រើនប្រភេទមានដូចជា ចេកអំបូង ស្រកានាគ ក្រូចថ្លុង ម្ទេស លើផ្ទៃជាច្រើពាន់ហិកតា។ បច្ចុប្បន្នការនាំចេញចេកអំបូងក្នុង១ខែ ៨ពាន់តោន។ ក្រុមហ៊ុននេះ មានកម្មករកម្មការនីជាង២ពាន់នាក់ កំពុងបម្រើការងារផងដែរ៕