(ភ្នំពេញ)៖ សាលាអន្តរជាតិ វេសវីយូ កម្ពុជា នៅថ្ងៃទីទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិព័រណ៍ស្ទែម លើកទី១ នៅក្នុងបរិវេណអគារសិក្សាថ្មីដ៏ទំនើបរបស់ខ្លួន ដែលមានទីតាំងជាប់នឹងសាលាអន្តរជាតិលើននីង ចាំងហ្គល (សាខាបឋមសិក្សា) អាសយដ្ឋានផ្ទះលេខ២៥៤AK ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងពិព័រណ៍នេះ សាលាបានរៀបចំការពិសោធន៍ និងការបង្ហាញនានា ពាក់ព័ន្ធនឹងផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) ជូនដល់សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ ព្រមទាំងបានរៀបចំ សិក្ខាសាលា សម្រាប់មាតាបិតា និងអាណាព្យាបាលរបស់សិស្ស ស្តីពី «វិធីសាស្រ្តជួយកូនៗ ឲ្យទទួលភាពជោគជ័យក្នុងការសិក្សា» ផងដែរ។ សិក្ខាសាលានេះ ត្រូវបានរៀបចំ និងធ្វើបទបង្ហាញដោយលោកស្រី Melissa Ream ដែលជានាយិកាកម្មវិធីសិក្សា និងជាគ្រូដែលមានអាជ្ញាប័ណ្ណ និងបទពិសោធន៍បង្រៀនរយៈពេល១៥ឆ្នាំ មកពីសហរដ្ឋអាមេរិក។
ដូចជាសំដីរបស់អ្នកនិពន្ធជនជាតិ បារាំងដ៏ល្បី លោក Antoine de Saint-Exupery បានលើកឡើងថា៖ «ប្រសិនបើយើងចង់ផលិត កប៉ាល់មួយឲ្យបានជោគជ័យ ដើម្បីធ្វើដំណើរឆ្លងសមុទ្រ យើងគប្បីបង្រៀនក្រុមការងារ របស់យើងទាំងអស់ ដោយចាប់ផ្តើមចេញពីការបណ្តុះគំនិតឲ្យអ្នកទាំងនោះស្រលាញ់ និងចូលចិត្តការធ្វើ-ដំណើរតាមសមុទ្រ ដែលមានវិសាលភាពដ៏ធំល្វឹងល្វើយ ជំនួសឲ្យការដែលគ្រាន់តែ ដាក់ចេញនូវបទបញ្ជា ឬការបែងចែកទំនួលខុសត្រូវ និងភារកិច្ចក្នុងការផលិត»។
ក្នុងន័យនេះ ពិព័រណ៍ស្ទែម បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបំផុស និងជំរុញលើកទឹកចិត្តឲ្យសិស្សានុសិស្ស ងាកមកចាប់អារម្មណ៍លើវិស័យនេះ ហើយត្រូវត្រៀមខ្លួន និងកសាងមូលដ្ឋានគ្រឹះ ឲ្យបានរឹងមាំ នៅកម្រិតមធ្យមសិក្សា ដោយខិតខំយកចិត្តទុកដាក់សិក្សាបន្ថែម លើមុខវិជ្ជាស្នូល ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ជាដើម និងជាពិសេសជ្រើសរើសយកគ្រឹះស្ថាន មធ្យមសិក្សាមួយ ដែលមានគុណភាព កម្រិតស្តង់ដារ អន្តរជាតិ ដូចជា សាលា អន្តរជាតិ វេសវីយូ កម្ពុជា ដើម្បីបន្ត ការសិក្សារបស់ខ្លួន។
សាលា អន្តរជាតិ វេសវីយូ កម្ពុជា គឺជាគ្រឹះស្ថានសិក្សាលំដាប់អន្តរជាតិថ្មីមួយ ដែលផ្តល់នូវសេវាកម្មអប់រំកម្រិតមធ្យមសិក្សា ចាប់ពីថ្នាក់ទី៧ ដល់ទី១២ និងត្រូវបានបង្កើតឡើង បន្តពីសាលាអន្តរជាតិ លើននីង ចាំងហ្គល ដែលបាននិងកំពុងផ្តល់នូវសេវាកម្មអប់រំប្រកបដោយគុណភាព និងទំនុកចិត្តនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា អស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ។
កម្មវិធីសិក្សារបស់សាលា អន្តរជាតិ វេសវីយូ កម្ពុជា មានលក្ខណៈពិសេស ដោយមានការច្របាច់បញ្ចូលគ្នារវាង American Common Core Standards (ACCS) ដែលជាស្តង់ដារអប់រំដ៏ល្បីកម្រិតពិភពលោក ជាមួយ និងកម្មវិធីសិក្សាភាសាខ្មែរ ដែលស្របតាមនិងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ចក្ខុវិស័យរបស់សាលា អន្តរជាតិ វេសវីយូ កម្ពុជា គឺចូលរួមចំណែក បណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យក្លាយជាធនធានសកល ហើយរក្សាបាននូវគុណតម្លៃ វប្បធម៌ និងអត្តសញ្ញាណជាខ្មែរ៕