(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក Takuya Kamata នាយកប្រតិបត្តិ ធនាគារពិភពលោក (WB) ទទួលបន្ទុកវិស័យទឹកសកលប្រចាំតំបន់អាស៊ី បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើដំណើរការអនុវត្តគម្រោងហិរញ្ញប្បទានឥណទានសម្បទាន របស់ធនាគារពិភពលោក ដែលត្រូវធ្វើរួមគ្នា ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រាប់អនុវត្តគម្រោងលើកកំពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលមានរយៈពេល ០៥ ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលមានថវិកា គម្រោងចំនួន ៥៧,៥ លានដុល្លារ ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ២,៥លានដុល្លារ ដែលនឹងត្រូវអនុវត្ត លើវិស័យទឹកស្អាត ក្នុងទឹកប្រាក់ចំនួន ៣២ លានដុល្លារអាមេរិក និងវិស័យអនាម័យ ២៥,៥ លានដុល្លារ។ កិច្ចជំនួបនេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១៤រោជ ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង។
ចំពោះវិសាលភាព នៃការអនុវត្តគម្រោង បានកំណត់ទៅលើការពង្រីកបណ្តាញ និងផលិតកម្មនៅស្រុកស្ទោង ខេត្តកំពង់ធំ និក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី -អភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច នៅភ្នំព្រឹក ខេត្តបាត់ដំបង និងឃុំមួយចំនួននៅខេត្តព្រៃវែង សៀមរាប និងកំពង់ឆ្នាំង រួមទាំងការគៀងគរ ហិរញ្ញប្បទានវិស័យឯកជន ក្នុងប្រព័ន្ធខ្នាតតូច។ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ និងចាត់ទុកគម្រោងនេះមានសារៈសំខាន់ ក្នុងការួមចំណែកគោលដៅអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងក្រសួងលើវិស័យទឹកស្អាត សម្រាប់គោលដៅឆ្នាំ២០២៥។
ឆ្លៀតឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីទស្សនៈវិស័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺការលើកទឹកចិត្តអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍន៍ ចាប់អារម្មណ៍ការបណ្តាក់ទុន និងការគិតគូរការអភិវឌ្ឍន៍ លើវិស័យទឹកស្អាត ជាលក្ខណៈទ្រង់ទ្រាយធំ ហើយអាចធ្វើការលក់ដុំ ទៅអ្នកចែកចាយបន្ត ក្នុងតម្លៃមួយសមរម្យដែលអាចទទួលយកបានទាំងអស់គ្នា ពីព្រោះក្រសួងកំពុងផ្តោតការផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែក្នុងតំបន់ទីក្រុង និងទីប្រជុំជនទេ តែត្រូវយកចិត្តទុកដាក់ដល់ទីជនបទ តាមលទ្ធភាពជាក់ស្តែង។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីគោលនយោបាយ លើកទឹកចិត្តមួយចំនួនរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួង ចំពោះប្រតិបត្តិករទឹកស្អាតឯកជន ដូចជា ទីតាំង ឬកន្លែងណា ដែលរដ្ឋមិនទាន់មានលទ្ធភាព តបណ្តាញទឹកស្អាតទៅដល់ គឺក្រសួងអនុញាតឲ្យឯកជនចូលទៅវិនិយោគ ហើយផ្តល់អាជ្ញាប័ណ្ណអាជីវកម្ម រហូតដល់២០ ឆ្នាំ ដែលកាលពីមុនមាន រយៈពេលតែ ០៣ ឆ្នាំ។ ម៉្យាងថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចមិនយកពន្ធ ចំពោះការនាំចូលឧបករណ៍សម្ភារៈមួយចំនួនធំ បម្រើឲ្យរោងចក្រផលិតទឹកស្អាតទៀតផង។ កិច្ចការនេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងចង់ឲ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អ ដោយមិនបានចំណាយប្រាក់ ព្យាបាលរោគ ដោយសារការប្រើប្រាស់ទឹកមិនស្អាត។ ជាពិសេស ដើម្បីអនុវត្តតាមអភិក្រមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានកំណត់ថា ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរ៍ភាព និងតម្លៃសមរម្យ។
លោក Takuya Kamata បានបញ្ជាក់ថា គម្រោងទឹកស្អាត និងអនាម័យលើកនេះ ជាចំណុចចាប់ផ្តើមជាថ្មី លើការគាំទ្រក្នុងវិស័យទឹកស្អាត របស់ធនាគារពិភពលោកដល់កម្ពុជា ហើយបានរៀបចំផែនការ លំអិតជាផែនការវិនិយោគ និងផែនការសកម្មភាពអនុវត្តប្រកបដោយតម្លាភាពរួមគ្នា។ ជាពិសេសបាន វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះទស្សនៈវិស័យ របស់ក្រសួងលើវិស័យទឹកស្អាត ក្រោមការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងសង្ឃឹមថា កិច្ចសហការខាងលើនេះនឹងទទួលបានផ្លែផ្កា ស្របតាមគោលដៅ ដែលជាសកម្មភាពរួមគ្នា៕