(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ គណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលព្រីមៀ សែនសុខ រាជធានីភ្នំពេញ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក សោម សឿន ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល, លោក តាក ស៊ុនអ៊ី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល, លោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាបក្ស ទាំងអស់សរុបប្រមាណ១,២០០នាក់។
លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រធានក្រុមសកម្មជនយុវជនក្រសួង បានអានរបាយការណ៍ជូនអង្គពិធី ជ្រាបអំពីលទ្ធផលដែលក្រុមសកម្មជនយុវជនសម្រេចបាន បញ្ហាប្រឈម សំណូមពរ និងទិសដៅ អនុវត្តបន្ត។
លោក ចាន់ សុវុឌ្ឍ សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអានប្រកាសសេចក្តីសម្រេច របស់គណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សស្តីពី ការយល់ព្រមបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១,១៤៥នាក់។
លោក វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជានៃក្រសួង ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដែលពិតជាបានបង្ហាញឲ្យឃើញអំពីការបន្តពង្រឹង និងពង្រីកសមាជិក សមាជិកាឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនកុះករ ពិសេសការកសាងបក្សក្នុងជួរយុវជនយុវនារី នៅគ្រប់សាខាក្រោមឱវាទក្រសួង។
លោក វេង សាខុន បានលើកយកពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ រៀងរហូតមកដល់ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីអភិវឌ្ឍន៍មាតុភូមិ ដែលបែកបាក់ខ្ទេចខ្ទាំ ទុរភិក្ស អសន្តិសុខដោយសារសង្គ្រាមរាំរ៉ៃ មកជាប្រទេសមានសុខសន្តិភាពពេញលេញ មានការរីកចម្រើនលើគ្រប់វិស័យ និងបាននិងកំពុងខិតខំប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខនេះ។
ចំពោះសមាជិក សមាជិកាគណបក្សថ្មី លោក វេង សាខុន បានធ្វើការណែនាំឲ្យខិតខំបំពេញភារកិច្ច ជូនគណបក្សដូចមានចែងយ៉ាងច្បាស់ ក្នុងលក្ខន្តិកៈគណបក្សដូចជា៖ ត្រូវខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ និងចូលរួមផ្សព្វផ្សាយកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស កសាងទំនាក់ ទំនងល្អជាមួយប្រជាជន ត្រូវរក្សាធ្លុងសាមគ្គីផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ការគោរព អង្គការវិន័យបក្ស ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភាពភូមិ -ល-។
លោកប្រធានក៏បានលើកទឹកចិត្ត និងផ្ញើក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាថ្មី នឹងខិតខំអនុវត្តគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ពិសេសការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងនិយាយដោយឡែកនៅក្នុងវិស័យកសិកម្ម ជាអាទិ៍ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មព្រមទាំងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីធានាកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង ពន្លឿនការកាត់បន្ថយភាពក្រីក្រ និងរក្សាបាននូវនិរន្តរភាពបរិស្ថានឱ្យទទួលបានជោគជ័យ។
លោក វេង សាខុន បានជំរុញឲ្យសមាជិកទាំងអស់ ត្រូវបង្កើនទំនាក់ទំនងល្អ រវាងក្រុមការងារចុះជួយមូលដ្ឋាន ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជន រកវិធីបន្សាបនូវឧបាយកលភូតកុហក បោកប្រាស់របស់មជ្ឈដ្ឋាន ប្រឆាំងការធ្វើបដិវត្តន៍ពណ៌ ដែលកើតមាននៅតាមមូលដ្ឋាន និងត្រូវបង្កើនជំនឿជឿជាក់ មកលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយត្រូវយកចិត្តទុកដាក់អនុវត្តការងារ និងជំរុញចលនាយុវជននៅតាមមូលដ្ឋានឲ្យបានសកម្មថែមទៀត រួមទាំងនិស្សិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ដើម្បីលុបបំបាត់ភាពអសកម្មនានា ព្រមទាំងធានាការ ផ្តល់សេវាជូនប្រជាជន ឲ្យកាន់តែមានភាពងាយស្រួល និងទាន់ពេលវេលា។ លើសពីនេះទៀត ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ នូវសមាជិកបក្សតាមបណ្តាសាខា អនុសាខាទាំងអស់ឲ្យបានត្រឹមត្រូវផងដែរ។
លោកប្រធាន បានអំពាវនាវដល់សមាជិកសមាជិកទាំងអស់ បន្តគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដើម្បីប្រទេសយើងបន្តទទួលបានសុខសន្តិភាព ស្ថេរភាពសង្គម និងជាពិសេសបន្តទទួលបានការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនេះ ត្រូវបន្តអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺត្រូវចុះមូលដ្ឋាន បម្រើប្រជាពលរដ្ឋដោយឥតលក្ខ័ណ្ឌឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជំរុញការឲ្យមានការរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការរស់នៅប្រកបដោយសុខដុមរមនា របស់ប្រជាជនដោយផ្សារភ្ជាប់ការងារបក្ស និងរដ្ឋឲ្យបានល្អប្រសើរឆ្ពោះ ទៅដណ្តើមជ័យជម្នះតាមការរំពឹងទុក សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ៕