(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជីវភាពបក្សសម្រាប់ខែមីនា និងខែមេសា ឆ្នាំ២០១៩។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម អំពីសមាជិកគណៈកម្មាការក្រសួង គណៈអចិន្ត្រៃយ៍ គណៈចាត់តាំង គណៈឃោសនាអប់រំ គណៈត្រួតពិនិត្យ គណៈចលនាមហាជន គណៈហិរញ្ញវត្ថុ ប្រធានសាខាទាំង២៧ និងលេខាធិការដ្ឋានគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងធម្មការ និងសាសនា ជាច្រើនរូប។
ស្ថិតក្នុងរបៀបរវារៈ នៃអង្គប្រជុំ លោកប្រធានគណបក្ស ក្រសួងធម្មការ និងសាសនា បានលើកឡើងអំពីការ៖
១៖ បំពេញបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍ក្រសួង កើនឡើងចំនួន១៣រូប
២៖ រៀបចំបំពេញបន្ថែមសមាជិក សមាជិកា ដែលមានតួនាទីចាប់ពីប្រធាននាយកដ្ឋានឡើង ( ក្នុងប្រអប់ )
៣៖ បន្ថែមសាខាបក្សថ្មីចំនួនពីរទៀត ពី២៥សាខាបក្សឡើង ទៅ២៧សាខាបក្ស។
ក្រោយពីស្តាប់របាយការណ៍របស់ លោកប្រធានលេខាធិការដ្ឋានបក្ស ក្រសួងធម្មការ និងសាសនា រួចមក លោកប្រធានគណបក្សក្រសួងធម្មការ និងសាសនា បានមានមតិផ្តាំផ្ញើដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ យើងទាំងអស់ត្រូវស្រឡាញ់ និងដឹងគុណគណបក្សប្រជាជនកម្ពុជា ពីព្រោះថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលរំដោះប្រទេសជាតិ ការពារមិនឲ្យរបបខ្មៅវិលត្រឡប់វិញ និងអភិវិឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនយ៉ាងខ្លាំង។
ប្រធានគណបក្សក្រសួងធម្មការ និងសាសនា បានបន្ថែមទៀតថា ហើយយើងអាចអង្គុយនៅទីនេះបាន ក៏ដោយសារគុណរបស់គណបក្សដែរ ដូច្នេះយើងត្រូវរួមគ្នា គាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូត និងដើម្បីរក្សាភាពឈ្នះលើកម្លាំងអមិត្ត ហើយហ៊ានវាយបកឲ្យទាន់សភាពការណ៍ រាល់សកម្មភាពបំបែកបំបាក់កម្លាំងរបស់បក្សយើង៕