(បាត់ដំបង)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង លោក កុល វីរក្ស និងក្រុមការងារនៅមូលដ្ឋានស្រុកឃុំភូមិ បានបន្តចុះសួរសុខទុក្ខ បានចែកសង្កសី និងថវិកាជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ធ្ងន់ធ្ងរចំនួន ៤១គ្រួសារ និងមធ្យម ១២៤គ្រួសារ នៅឃុំតាប៉ុន ស្រុកសង្កែ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ដើម្បីឲ្យពួកគាត់ប្រក់ដំបូលផ្ទះបានស្នាក់នៅឡើងវិញទាន់ពេលវេលា។

លោក កុល វីរក្ស បានឲ្យដឹងថា ដោយមើលឃើញភាពលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋខូច ខាតផ្ទះសម្បែងដោយសារខ្យល់កន្រ្តាក់កន្លងមក និងក្រោមការយកចិត្តទុកដាក់ និងអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ និងសការីបាននាំអំណោយមនុស្សធម៌ មកចែកជូនក្រុមគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់រួមមាន៖ ក្នុង១គ្រួសារទទួលបានសង្ក័សី ២០សន្លឹក និងថវិកា២០ម៉ឺនរៀល (សំរាប់៤១ ខ្នងផ្ទះខូចខាតទាំងស្រុង)
ចំណែកប្រជាពលរដ្ឋចំនួន ១២៤គ្រួសារ ដែលផ្ទះខូចខាតមធ្យមឧត្ថមសង្ក័សី ១០សន្លឹក និងថវិកា១០ម៉ឺនរៀល ។

លោកប្រធានបានបញ្ជាក់ថា អំណោយដែលបានចែកជូននាពេលនេះ គឺជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង, ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារចុះជួយឃុំតាប៉ុន ព្រមទាំងសហការី និងសប្បុរសជនមួយចំនួនចូលរួមផងដែរ។

លោក កុល វីរក្ស ក៏បានផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នការពារសុខភាព ក្រុមគ្រួសារ កូនចៅ នារដូវវភ្លៀងឆ្នាំនេះ ហើយខិតខំប្រកបការងារធ្វើស្រែ ចម្ការ សូមឲ្យបានផលល្អដើម្បីបង្កើនជីវភាពគ្រួសាររៀងៗខ្លួនសម្រេចបានជោគជ័យទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិទាំងអស់ បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារនិងសប្បុរសជន ដែលតែងតែគិតគូ ដឹងពីសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅស្រុកសង្កែទាំងអស់ ព្រមទាំងបានជួយប្រជាពលរដ្ឋដែលជួបការលំបាកបានទាន់ពេលវេលា រហូតមកផងដែរ៕