(កណ្ដាល)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមការដឹកនាំផ្ទាល់ដោយលោកសាស្ត្រាចារ្យ ឈាង រ៉ា អនុប្រធានទី៣ គណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ និងលោកសាស្ត្រាចារ្យ គង់ សន្យា ប្រធានគណៈពង្រឹងមូលដ្ឋានឃុំព្រែកស្តី រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងឃុំព្រែកស្តី ស្ថិតនៅបរិវេណសាលាបឋមសិក្សា ពោធិរាម្មា ដោយមានក្រុមគ្រូពេទ្យគ្រប់ជំនាញឯកទេស ចំនួន៤០៥នាក់។

នាឱកាសដ៏វិសេសវិសាលនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្នុងរដូវក្តៅនេះ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱបានដិតដល់ ពិសេសពេលធ្វើស្រែចម្ការ ត្រូវមានមួកការពារកម្តៅថ្ងៃ និងយកពេលវេលាសម្រាកក្រោមម្លប់ឈើឲ្យបានច្រើន ញ៉ាំអាហារឲ្យមានអនាម័យល្អ។

ក្នុងនោះដែរ ប្រជាពលរដ្ឋ បានទទួលសេវាពិនិត្យព្យាបាលរួមមាន៖ ជំងឺទូទៅ វះកាត់តូច កុមារ មាត់ធ្មេញ សម្ភពនិងរោគស្ត្រី អេកូសាស្ត្រ ត្រចៀក-ច្រមុះ-បំពង់ក ចក្ខុរោគ ឱសថ ។ល។ សរុបមានចំនួន៥០២៤នាក់។

ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ជាពិសេសក្នុងឃុំព្រែកស្តី ទាំងអស់ មានទឹកចិត្តសប្បាយរីករាយឥតឧបមា ដែលបានទទួលនូវអំណោយ សុខមាលភាព ដ៏ថ្លៃថ្លានេះ និងបានថ្លែងអំណរសាទរ អរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងគិតគូរ និងដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដូចពេលនេះជាសក្ខីភាពស្រាប់៕