(ពោធិ៍សាត់)៖ លោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានប្រារព្ធឡើង នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងទីប្រឹក្សាអមក្រសួងចម្រុះ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ តំណាងសាលាដំបូងខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានថ្លែងថា រដ្ឋបាលខេត្តបានបន្តអនុវត្តកាន់តែស៉ីជម្រៅ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈបន្តយន្តការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ស្ថាប័ន និងប្រព័ន្ធគ្រប់គ្រង បន្តអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធាន ព្រមទាំងថវិកាហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ការកសាង សមត្ថភាព សំដៅធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញការងារ ដោយមានការចូលរួមប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតប ក្នុងការផ្តល់សេវាសាធារណៈ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព។
លោកបានលើកឡើងថា ចំពោះបញ្ហាប្រឈមប្រឈម ដូចជាទំនាស់ដីធ្លី ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំសម្របសម្រួល និងដោះស្រាយ។ បទល្មើសនេសាទ បទល្មើសព្រៃឈើ និងការទន្ទ្រានកាន់កាប់ដី ដោយខុសច្បាប់ នៅតែកើតមានឡើង ជាហេតុមានការលំបាកក្នុងការបង្ក្រាប ដោយខ្វះមធ្យោបាយ និងសម្ភារៈថវិកា ក្នុងការចុះដល់មូលដ្ឋានទាំងនោះ។
ជាមួយគ្នាននេះ បញ្ហាផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី មិនទាន់មានគ្រប់គ្រាន់ និងមិនទាន់តបណ្តាញទៅតំបន់ជនបទនៅឡើយ។ ពិនិត្យជារួម តាមរយៈលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងឆ្នាំ២០១៨ មានលទ្ធផលល្អប្រសើរ ដោយគណៈបញ្ជការឯកភាពគ្រប់ថ្នាក់ បានសហការគ្នា រួមចំណែកយ៉ាងសកម្ម ក្នុងការបំពេញបេសកម្មដ៏លំបាកស្មុគ្រស្មាញ ដើម្បីជម្នះបាននូវឧបសគ្គនានា ដែលកើតមានក្នុងសង្គម និងបង្កើតជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
លោក ស៊ុយ សែម បានលើកឡើងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ បន្ទាប់ពីសេចក្តីសម្រេច ស្តីពីបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនាពេលថ្មីៗកន្លងមកនេះ ត្រូវបានបង្កើតឡើង។ ក្រុមការងារចុះមូលដ្ឋាន មានទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដូច្នេះបន្ទាប់ពីធ្វើពិធីប្រកាសថ្ងៃនេះហើយ សមាជិកត្រូវចុះដល់មូលដ្ឋាន ដើម្បីក្តាប់នូវព័ត៌មាន ពីប្រជាពលរដ្ឋអំពីក្តីកង្វល់ បញ្ហាប្រឈមនានា និងសំណូមពររបស់ពួកគាត់ យកមកដោះស្រាយភ្លាមៗ និងជូនទៅថ្នាក់លើដើម្បីដោះស្រាយបន្ត។
គួរបញ្ជាក់ថា ឆ្លៀតឱកាសមុនប្រារព្ធពិធីខាងលើ លោក ម៉ៅ ធនិន ក៏បានផ្តល់ស្បៀង សម្រាប់ដោះស្រាយជាបឋម ជូនដល់ជនចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ បានជាង៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមផងដែរ៕