(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ២០១៩ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៩ មានប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ដោយមានការសប្បុរសជនជាច្រើនរូប។
លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានឡើងអានរបាយការណ៍សង្ខេប និងសារសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជម្រាបជូនសមាជិកសមាជិការ។
លោកក៏បានបញ្ជាក់ថា ឆ្នាំនេះ សាខាកាកបាទក្រហមខេត្តកំបង់ធំ បានទទួលថវិកាពីសប្បុរសជនចំនួន២០៥,០០០ដុល្លារអាមេរិក។
លោក ងួន ញ៉ិល បានថ្លែងអំណរគុណដល់ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិគ្រប់មជ្ឈដ្ឋាន ដែលមានការចូលរួមជាកម្លាំងមនុស្សធម៌ តាមប្រពៃណីវប្បធម៌ចែករំលែក បរិច្ចាគថវិកា ដោយទឹកចិត្តជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលបាន និងយកទៅប្រើប្រាស់ក្នុងការបន្តបេសកកម្ម មនុស្សធម៌ដ៏ឧត្តុងឧត្តម ធ្វើប្រតិបត្តិការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
លោកបានជំរុញថា កាកបាទក្រហមកម្ពុជា ត្រូវតែពង្រឹងការប្ដេជ្ញាចិត្ត បំពេញបេសកកម្មជាសមាគមជាតិ នាំមុខគេក្នុងវិស័យមនុស្សធម៌លើកកម្ពស់ឋានៈស្របច្បាប់ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈប្រមូលផ្តុំកម្លាំង ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយសុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ រួមទាំងការអភិវឌ្ឍស្ថាប័នផងដែរ៕