(ភ្នំពេញ)៖ វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៣ ខែឧសភា បានផ្សាយបែបបំភ្លៃខុសពីការពិត និងមានល្ខណៈញុះញង់ថា កាលដែលសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ដឹកនាំ គណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh) គឺជាការប្រមាថប្រជាជនកម្ពុជា និងលើសពីនេះទៀតផ្សាយថា សម្តេចតេជោ ហ៊ុន សែន ព្យាយាមទៅលួងលោមមេដឹកនាំវៀតណាម កុំឲ្យខឹងសម្បារកម្ពុជា រឿងងាកទៅស្និទ្ធនឹងមហាយក្សចិនកាន់តែខ្លាំងនោះ។

ពិតជាគួរឱ្យអៀនខ្មាសខ្លាំងណាស់ដែលវិទ្យុអាស៊ីសេរីប្រកាសខ្លួនថា ជាវិទ្យុមានអ្នកសារព័ត៌មានវិជ្ជាជីវៈ ជាវិទ្យុឯករាជ្យតែតាមពិតគឺជាវិទ្យុឯករាជ្យក្លែងក្លាយ និងបណ្តុំដោយអ្នកធ្វើការដែលគ្មានវិជ្ជាជីវៈសារព័ត៌មាន។ ពួកគេជាសកម្មជនបក្សប្រឆាំង និងជាវិទ្យុដែលទទួលបានការគាំទ្រពីចារកម្មអាមេរិក ហើយបម្រើបុព្វហេតុ បដិវត្តន៍ពណ៌តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានលក្ខណៈញុះញុង ប្រឌិតព័ត៌មាន បង្កើតការយល់ច្រឡំ បង្កចលាចលជាដើម។

ឥឡូវនេះ វិទ្យុឧទ្ទាមអាស៊ីសេរី មួយនេះបានក្លាយជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់បាត់ទៅហើយ។ ពលរដ្ឋខ្មែរភាគច្រើនលើសលប់បានដឹងច្បាស់ ហើយចាត់ទុកវិទ្យុនេះថាគ្រាន់តែជាផ្នែកមួយនៃឧបករណ៍បដិវត្តន៍ពណ៌តែប៉ុណ្ណោះ ចំណែកឯអ្នកបម្រើការងារនៅវិទ្យុនេះ គឺជាឧទ្ទាមប្រឆាំងនឹងកម្ពុជា។

វិទ្យុអាស៊ីសេរីដែលមាន ជុន ច័ន្ទបុត្រ ដឹកនាំបានប្រែក្លាយវិទ្យុនេះជាឧបករណ៍ដាច់ថ្លៃរបស់ ក្រុមបក្សប្រឆាំង។ អ្នកដែលបម្រើការងារនៅក្នុងវិទ្យុនេះ គឺដូចជា មួង ណារ៉េត ជាកូនប្រសាររបស់ ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ហេង រស្មី អតីតអ្នកបម្រើការងារនៅវិទ្យុវីអូអេ ដែលបំពេញការងារដើម្បីសំឡឹងរកសិទ្ធិជ្រកកោន នៅក្រៅប្រទេស ហើយឥឡូវបានសម្រេចដូចបំណងក្នុងការបម្រើឱ្យវិទ្យុឧទ្ទាមអាស៊ីសេរី ទិន ហ្សាការីយ៉ា សេក បណ្ឌិត ជាដើម សុទ្ធតែប្រភពពីវិទ្យុសំឡេងប្រជាធិបតេយ្យ បង្កើតឡើងដោយ កឹម សុខា។

ក្រុមជនតាំងខ្លួនជាអ្នកកាសែតទាំងនេះជាជនជាតិខ្មែរ ប៉ុន្តែបានតម្កល់ផលប្រយោជន៍បរទេសជាធំជាងជាតិខ្មែរ ដែលជាទឹកដីកំណើតខ្លួនជីដូនជីតា ម៉ែឪខ្លួន។ មួយថ្ងៃៗ ពួកគេត្រូវរិះគិតថាតើត្រូវធ្វើអ្វីខ្លះ ប្រឌិតព័ត៌មានយ៉ាងណាខ្លះ ញុះញង់យ៉ាងណាដើម្បីបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា។ ពួកគេបាននិងកំពុងបំផ្លាញកម្ពុជា ក្រោមរូបភាពសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងក្រោមស្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ក្រោមការចាត់ចែងរបស់ ជុន ច័ន្ទបុត្រ ហៅហួត វុទ្ធី ឬរហស្សនាមថា «ជ្រូកពុលទឹកមាត់» ជាជនសង្ស័យក្នុងសំណុំរឿងបន្លំខ្លួនជាជំនួយការ មូរ សុខហួរ ដើម្បីចូលគុកព្រៃស វិទ្យុអាស៊ីសេរី បានខិតខំបម្រើនយោបាយបំផ្លាញជាតិរបស់ក្រុមប្រឆាំងជាលក្ខណៈប្រព័ន្ធ ហើយផ្សព្វផ្សាយបំភ្លៃអំពីកម្ពុជា បំពងសារញុះញង់របស់ជនក្បត់ជាតិ សម រង្ស៊ី និងអ្នកវិភាគដូរបាយ និងរត់ចោលស្រុកមួយចំនួន ក្រោមការរៀបចំផែនការច្បាស់លាស់ដើម្បីសម្រេចផែនការបដិវត្តន៍ពណ៌។

អ្នកវិភាគលម្អៀងផ្កាប់មុខ មាស នី គឹម សុខ រួមនឹង ឡៅ ម៉ុងហៃ ដែលវិទ្យុអាស៊ីសេរីតែងតែផ្តល់សំឡេងដើម្បីផ្តល់ធាតុចិញ្ចឹមដល់ក្រុមខ្មោចបក្សសង្គ្រោះជាតិបន្ថែមលើការ ផ្តល់ក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹមដល់ចលនាឧទ្ទាមនយោបាយរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក។ ជុន ច័ន្ទបុត្រ ដែលតាំងខ្លួនជាអ្នកកាសែតអាជីព ធ្លាប់បានបញ្ជាដល់បុគ្គលិកក្រោមឱវាទខ្លួននៅអាស៊ីសេរីថា ក្នុងការសរសេរព័ត៌មាន ត្រូវតែលើកចំណុចណាដែលជាបញ្ហាអវិជ្ជមានរបស់ រដ្ឋាភិបាល គណបក្សប្រជជនកម្ពុជាបានហើយ។ ការផ្តល់បទបញ្ជាដូច្នេះបានបង្ហាញញយ៉ាងច្បាស់ថាទាំងវិទ្យុអាស៊ី សេរី និងក្រុមអ្នកបម្រើការក្នុងវិទ្យុនេះជាឧបករណ៍ដាច់ថ្លៃ នៃបដិវត្តន៍ពណ៌ ហើយជុន ច័ន្ទបុត្រ គឺមេគំនិតមួយនៃក្រុមអនុវត្តផែនការបដិវត្តន៍ពណ៌ច្បាស់បំផុត។

ដូច្នេះហើយបានជាព័ត៌មាននីមួយៗរបស់វិទ្យុអាស៊ីសេរីបង្កប់ទៅដោយការបំផ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងខុសពី ការពិត មានលក្ខណៈញុះញង់ និងបង្កចលាចលសង្គម។ ដោយសារតែដឹងថាផែនការបដិវត្តន៍ពណ៌បែកការណ៍ និងមានការចាត់វិធានការទាន់ពេលវេលាក្នុងការកម្ទេចអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ និងចាប់មេក្លោងអនុវត្តន៍បដិវត្តន៍នៅកម្ពុជា វិទ្យុអាស៊ីសេរីដែលដឹងខ្លួនថា មានការពាក់ព័ន្ធចូលរួមសមគំនិតក្នុងផែនការឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ របស់ក្រុមបក្សប្រឆាំង ក៏បានប្រញាប់ឆាប់បិទទ្វារការិយាល័យរបស់ខ្លួននៅកម្ពុជា ហើយវេចបង្វិចរត់ទៅស្រែកពីខាងក្រៅប្រទេសមកវិញ។
ប៉ុន្តែផែនការរបស់ពួកគេត្រូវបានបរាជ័យនិងកម្ទេចជាបន្តបន្ទាប់ ហើយពលរដ្ឋអស់ជំនឿលើពួកគេ និងបានរួមកម្លាំងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយមិនជឿ ផ្តេសផ្តាសលើការញុះញង់របស់ក្រុមជនក្បត់ជាតិឡើយ។ អ្នកដែលក្បត់ឆន្ទៈពិត និងប្រមាថប្រជាជនកម្ពុជា គឺក្រុមជនក្បត់ជាតិរួមទាំងវិទ្យុអាស៊ីសេរីដែលបម្រើផលប្រយោជន៍បរទេស សម្លាប់ជាតិឯងតាមរយៈការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា លត់ជង្គង់អង្វរឱ្យបរទេសកាត់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩