(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តភាពខ្លាំងរបស់ខ្លួន ដោយទទួលបានពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អជាងគេ៤ឆ្នាំជាប់ៗគ្នា ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩ នៅរាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលផ្តល់ដោយក្រុមហ៊ុន Property Guru មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។
កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពីក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍន៍ល្អជាងគេនៅកម្ពុជា» ៣ឆ្នាំជាប់ៗកន្លងមកហើយនោះ នៅតែបន្តភាពខ្លាំងរបស់ខ្លួនដដែល។ សម្រាប់ឆ្នាំទី៤នេះ ក្រុមហ៊ុននៅតែរក្សាបាននូវពានរង្វាន់ធំជាងគេ សរុប៤ឆ្នាំជាប់ៗគ្នា និងពានរង្វាន់រហូតដល់ទៅ៧បន្ថែមទៀតច្រើនជាងគេក្នុងកម្មវិធី។
លោកឧកញ៉ា ថៃ ម៉េងលី ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានថ្លែងថា ពានរង្វាន់ទាំងអស់នេះ ជាសមទ្ធិផលកើតចេញពីការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់។ លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុន ប៉េង ហួត គ្រុប ជារៀងរហូតមក។
សូមបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាក្រុមហ៊ុនមួយដែលបានរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសំណង់លំនៅឋាននៅកម្ពុជា មានការរីកចម្រើន មានការអភិវឌ្ឍទាំង គុណភាពសំណង់ និងការច្នៃប្រឌិតខ្ពស់ ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការរស់នៅរបស់អតិថិជន ព្រមទាំងជាក្រុមហ៊ុនមួយ ដែលគិតគូរពីបរិស្ថានធម្មជាតិពណ៌បៃតងផងដែរ៕