(ក្រចេះ)៖ លោកវរសេនីយ៍ទោ សុះ ហូសេន នាយរងផ្នែកអធិការកិច្ចកងទ័ពជើងគោក បានសហការជាមួយអាជ្ញាធរ ភូមិ និងចៅសង្កាត់អូរឬស្សី នាំយកថវិកាឧបត្ថម្ភដល់គ្រួសារ ក្រីក្រចំនួនពីរគ្រួសារ រស់នៅក្នុងផ្ទះខ្ទមពេលប្រពន្ធឆ្លងទន្លេ មិនមានលុយដោះស្រាយ ស្ថិតនៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។
លោក សុះ ហូសេន បានឲ្យដឹងថា ការឧបត្ថម្ភនេះ ធ្វើតាមរយៈអាជ្ញាធរភូមិប្រាប់គាត់ថា គ្រួសារក្រីក្រ ប្រពន្ធឆ្លងទន្លេមិនមានថវិកា ហើយគាត់បានជួយឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនរៀល និងអង្ក១បេ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ មី១កេស ដើម្បីជួយកាត់បន្ថយភាពលំបាករបស់គាត់។
គ្រួសារដែលលោក រួមនិងអាជ្ញាធរចុះផ្ដល់អំណោយនៅពេលនេះ មានឈ្មោះ ហម ចិត្ត្រា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ប្រពន្ធឈ្មោះ ប៊ូ ចាន់ថា អាយុ២១មានកូនលើកទី១ កើតបាន១ខែ។ មួយគ្រួសារទៀតឈ្មោះ អន រដ្ឋា អាយុ២៥ឆ្នាំ ប្ដីឈ្មោះ ករណា អាយុ២៨ឆ្នាំ មុខរបរកម្មករសំសំណង់ មានកូនជាលើកទី៤ (ក្រលំបាកខ្លាំង)។
លោកបន្ដទៀតថា ការឧបត្ថម្ភថវិកាដល់ជនក្រីក្រ ពេលប្រពន្ធឆ្លងទន្លេ គ្មានលុយនោះ នៅក្នុងសង្កាត់អូរឬស្សី មិនមែនជាលើកទី១ទេ គឺលោកបានជួយបានចំនួន១២គ្រួសារហើយ មួយរយៈពេលនេះ។ ក្នុងនោះ ដោយ១គ្រួសារទទួលបាន៣០ម៉ឺនរៀលស្មើគ្នា ហើយថវិកាទាំងនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោក ហើយលោកនៅតែបន្ដការឧបត្ថម្ភដល់គ្រួសារក្រីក្រ នៅពេលឆ្លងទន្លេមិនមានថវិកា។
បើតាមការរៀបរបស់ស្រ្តីឆ្លងទន្លេ មិនមានប្រាក់ដោះស្រាយនោះថា សព្វថ្ងៃប្ដីរបស់គាត់ប្រកបរបបជាកម្មករសំណង់ រកបានកំរ៉ៃបន្តិចបន្ទួចតែប៉ុណ្ណោះ៕