(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី សួស ណារ៉ា អមដំណើរដោយលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ និងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនកងទ័ពនៅបញ្ជាការដ្ឋានបញ្ជូនសារ ដែលបានបំពេញភារកិច្ចបម្រើប្រទេសជាតិ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ទូទាំងប្រទេស។

ថ្លែងឱកាសនោះ ទេសរដ្ឋមន្រ្តី ហឹម ឆែម ក៏បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានបញ្ចូនសារទាំងអស់ និងក្រុមគ្រួសារ និងសូមជូនពរឲ្យបងប្អូនទាំងអស់គ្នា ជួបតែសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះសាកសួរសុខទុក្ខបងប្អូនកងទ័ព នៃបញ្ជាការដ្ឋានបញ្ចូនសារនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលតែងតែស្រឡាញ់កងទ័ពយើង និងបញ្ជាក់ពីចលនាស្នេហាជាតិ និងការពារជាតិ របស់ប្រជាជនយើងទាំងមូល ដែលកំពុងក្លាយជាចលនាជាតិមួយយ៉ាងខ្លាំងក្លា។ ប្រជាជនយើងទូទាំងប្រទេសគ្រប់និន្នាការនយោបាយ បានឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការការពារ បូរណភាព ដែនដី ប្រឆាំងការឈ្លានពានពីបរទេស។

ទេសរដ្ឋមន្រ្តី ហឹម ឆែម បានបន្ថែមថា ទោះជាកម្ពុជាទទួលបានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ដូចយើងឃើញនៅពេលនេះក្តី យើងមិនត្រូវភ្លេចថា យើងពិតជាបានឆ្លងកាត់ការលំបាក ការបូជា និងការខិតខំច្រើនណាស់ តែពលរដ្ឋកម្ពុជាពិតជាចងចាំបានថា របបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានប្រែក្លាយមាតុភូមិកម្ពុជាទៅជាវាលពិឃាត និងវិនាសកម្មយ៉ាងខ្លោចផ្សា។

លើសពីនេះ ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានសម្លាប់ ឬរស់នៅដូចសត្វតិរច្ឆាន ដោយត្រូវទទួលរងទារុណកម្ម ធ្វើការជាទាសករ និងរស់នៅក្នុងគុកឥតជញ្ជាំង ខឿនសេដ្ឋកិច្ចទាំងមូល និងជំនឿសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង។ ប៉ុន្ដែតាមរយៈនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ១៩៩៩ បានអនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្ម អតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។

លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្ដីរាជការ នៃក្រសួងធម្មការ និងសាសនា ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប អង្គការជប៉ុនអាស៊ីនេតវើក រួមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាកធនធាន មានទាំងសម្ភារ និងថវិកា ដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កងទ័ព អង់អាចក្លាហានរបស់យើង ដែលកំពុងឈរជើងប្រចាំការបំពេញ ភារកិច្ច ដ៏ឧត្តមការពារបូរណភាពទឹកដីក្នុងភូមិសាស្រ្ដ នេះកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត៕