(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៉ី ស៉ីមេន ខូបភើរេសិន (CMIC) និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរៀបចំបើកវគ្គបណ្តុះបណ្តាលវិស័យសំណង់ ជាលើកទី៣ សម្រាប់មេជាងសំណង់ និងអ្នកម៉ៅការសំណង់។
វគ្គបណ្តុះបណ្តាលមេជាងសំណង់ និងអ្នកម៉ៅការសំណង់នេះ មានរយៈពេលប្រមាណជា៣ខែ ហើយអាចទទួលសិក្ខាកាមដែលជាមេជាង និងអ្នកម៉ៅការសំណង់ ចំនួន៣០នាក់ ឱ្យចូលរៀនក្នុង១វគ្គៗ ដោយមិនទាមទារកម្រៃអ្វីទេ។ វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលមានទីតាំងនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលមេជាងសំណង់ និងអ្នកម៉ៅការសំណង់នេះ រៀបចំឡើងជាលើកទី៣ហើយ ដោយវគ្គទី១ បានចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ សម្រាប់វគ្គទី២ បានចាប់ផ្តើមពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ និងវគ្គទី៣នេះ ចាប់ផ្តើមពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។
សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលលើមុខវិជ្ជាដូចជា ការងាររៀបឥដ្ឋ ការងារបូកស៉ីម៉ង ការងារសុវត្ថិភាព ការងារចាក់បេតុង ការងារដំឡើងគ្រោងដែក ការងារចាក់ពុម្ព ការងាររៀបចំការដ្ឋាន និងការងាររៀបចំផែនការ តាមរយៈការអនុវត្តផ្ទាល់នៅតាមការដ្ឋាន និងតាមរយៈគ្រូបង្វឹកដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានេះតែម្តង និងក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុនផងដែរ។ លើសពីនេះទៅទៀត នៅកំឡុងពេលសិក្សា សិក្ខាកាមនឹងទទួលបានកម្រៃឧបត្ថម្ភជាប្រាក់ចំនួន ១៥ដុល្លារអាមេរិក ជារៀងរាល់ថ្ងៃសៅរ៍ សម្រាប់ថ្លៃអាហារទៀតផង។
លោក ឡិប សាលី អាយុ៣៩ឆ្នាំ មកពីគីឡូម៉ែតលេខ៧ ខណ្ឌប្ញស្សីកែវ ដែលជាសិក្ខាកាមជំនាន់ទី១ បានសម្តែងការពេញចិត្តជាខ្លាំងដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ។ លោកបានលើកឡើងថា នេះជាការបណ្តុះបណ្តាលមួយដ៏ល្អ ព្រោះអ្វីដែលលោកបានរៀន គឺអាចយកទៅអនុវត្តជាក់ស្តែងជាមួយការងារប្រចាំថ្ងៃរបស់លោកតែម្តង។
សូមបញ្ជាក់ថា សម្រាប់ការជ្រើសរើសឱ្យចូលរៀន បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវជាមេជាងសំណង់ ឬអ្នកម៉ៅការសំណង់ និងជាសមាជិកក្លឹបស៉ីម៉ងអូដ្ឋ ដែលមាននៅគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងប្រទេសកម្ពុជា៕