(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានលើកឡើងពីក្រមសីលធម៌របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ ដែលត្រូវយកចិត្តទុកដាក់អនុវត្តក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ដោយជំហរអព្យាក្រឹត មិនលម្អៀង ដើម្បីចូលរួមធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ។

ជាមួយគ្នានោះ លោក ចាយ បូរិន ក៏ជំរុញក្រុមអ្នកច្បាប់ទាំងអស់ ឲ្យយកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់ ពីបទបញ្ជា និងនីតិវិធី នៃដំណើរការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានីខេត្ត-ក្រុង-ស្រុក ដែលនឹងរៀប ចំឡើង ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ លោក ចាយ បូរិន បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សមាជិក សមាជិការគ្រប់រូប ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និង ការអភិវឌ្ឍមូលដ្ឋាន។

លោកបានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកសមាជិការចូលរួមទាំងអស់យកចិត្តទុកដាក់ ជំរុញឱ្យអង្គបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបន្តលើកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀត ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ការលើកឡើងរបស់លោក លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានធ្វើឡើងនៅក្នុងចែករំលែកបទពិសោធន៍ ចំណេះដឹង ក្នុងពិធីបំប៉នស្តីពីច្បាប់ បទបញ្ជានិងនីតិវិធី នានានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុកនិងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ នៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ។ ពិធីនេះ ក៏មានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងសមាជិកសមាជិកាជាច្រើនរូបទៀត។

ជាមួយគ្នានោះ លោក ចាយ បូរិន ក៏បានណែនាំដល់សមាជិកចូលរួមទាំងអស់បន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ សាសនា ឬបក្សពួកឡើយ។

តំណាងរាស្រ្តរូបនេះ ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបានគូសបញ្ជាក់ផងដែរថា សន្តិភាព និងស្ថិរភាពនយោបាយមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលទាមទាឱ្យយើងត្រូវតែរួបរួមគ្នាថែរក្សា ការពារឱ្យបានស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តន៍ ព្រោះយើងធ្លាប់បានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៩៨។

ទន្ទឹមនឹងនេះ លោក ចាយ បូរិន ក៏បានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានីខេត្តក្រុងស្រុកបទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់សមាជិកសមាជិការចូលរួមទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត៕