(ភ្នំពេញ)៖ គណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខារាជធានីភ្នំពេញ ដឹកនាំដោយលោក ស្រី ជា ស៊ីណា ភរិយាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ អមដំណើរដោយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំង សមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទិត្យ សំអុន ចៅសង្កាត់ សាក់សំពៅ ខណ្ឌដង្កោ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី ទិត្យ សំអុន ចៅសង្កាត់ គឺជាចៅសង្កាត់ឆ្នើមរបស់ គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ដែលជាប់ឆ្នោតរយៈពេល៤អាណត្តិជាប់ៗគ្នា ដោយសារតែលោកស្រី ចៅសង្កាត់មានប្រជាប្រិយភាព តែងតែគិតគូពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្នាន។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានកោត សរសើរចំពោះវីរភាពរបស់លោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រជាប្រិយភាពជាប់ឆ្នោតធ្វើជាចៅសង្កាត់ស្ត្រី៤អាណត្តិ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូបាននាំយកថវិកាមួយចំនួនទៅឧបត្ថម្ភ ដល់ក្រុមគ្រួសារលោកលោកស្រី ទិត្យ សំអុន កំពុងសម្រាកព្យាបាលជំងឺ ក្នុងនោះមាន៖ សាលារាជធានីភ្នំពេញថវិកាចំនួន២លានរៀល, សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍សាខារាជធានីភ្នំពេញ ថវិកាចំនួន១លានរៀល, លោកស្រី មុំ ក្រសាល សមាជិកក្រុមប្រឹក្សា ថវិកាចំនួន២០ម៉ឺនរៀល, លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារី ថវិកាចំនួន២០ម៉ឺនរៀល, លោកស្រី សុខ សុភារ៉េត ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ថវិកាចំនួន១០ម៉ឺនរៀល និងលោកស្រី គួន សារ៉េត អនុប្រធានមន្ទីរសុខាភិបាល ថវិកាចំនួន១០ម៉ឺនរៀល។

នាឱកាសនោះដែរ លោកស្រី ជា ស៊ីណា ភរិយាលោក ឃួង ស្រេង បានថ្លែងអំណរគុណដល់ ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាលម៉ែត បានយកចិត្តទុកដាក់ព្យាបាលជំងឺជូនលោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ៕