(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានស្នើឲ្យប្រទេសអ៊ីស្រាអ៊ែល ជួយពង្រីកបច្ចេកវិទ្យាប្រព័ន្ធដំណក់ទឹក ឲ្យដល់ប្រជាកសិករ សហគមន៍កសិកម្មនៅកម្ពុជា ឲ្យបានកាន់តែច្រើន ដើម្បីលើកកំពស់ការផលិត និងទទួលបានទិន្នផលខ្ពស់។
ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក កៅ ថាច ទទួលជួបប្រជុំជាមួយ លោក Avner Ehrlich អគ្គនាយកក្រុមហ៊ុនអ៊ីស្រាអ៊ែល A.T.C.Supply (1993).Co..Ltd និង លោក មួន រដ្ឋា អ្នកគ្រប់គ្រងប្រចាំតំបន់ របស់ក្រុមហ៊ុន A.T.C. ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនេះ លោក កៅ ថាច ចង់ដឹងអំពីបទពិសោធន៍ នៃការអនុវត្តបច្ចេកទេស មកពីប្រទេសអ៊ីស្រាអ៊ែល របស់ក្រុមហ៊ុន ATC ដែលមានវត្តមាននៅប្រទេសកម្ពុជា អស់រយៈពេល១០ឆ្នាំកន្លងមកនេះ លើការប្រើប្រាស់បច្ចេកទេស តំណក់ទឹក សម្រាប់វិស័យកសិកម្មលើដំណាំកៅស៊ូ អំពៅ ពោត ដើមមៃសាក់ -ល- ដែលតាមរយៈបច្ចេកវិទ្យានេះ ធ្វើឲ្យកសិករទទួលទិន្នផលខ្ពស់។
លោក កៅ ថាច ស្នើសុំចែករំលែកបទពិសោធន៍ ពីការអនុវត្តកសិកម្ម និងការជួយដល់កសិករខ្នាតតូច របស់ប្រទេសអ៊ីស្រាអ៊ែល ដោយក្នុងនោះផ្តោតលើការ គ្រប់គ្រងការចែករំលែកធនធាន ការចងក្រងសហគមន៍កសិកម្ម និងការប្រើប្រាស់ពូជជី បច្ចេកទេសដាំដុះ របស់កសិករអ៊ីស្រាអ៊ែលផងដែរ។ លោក កៅ ថាច មានគោលបំណងចង់ យកបទពិសោធន៍ទាំងនេះ ដើម្បីរៀបចំសហគមន៍កសិកម្មនៅកម្ពុជា ឲ្យទទួលបានជោគជ័យផងដែរ។
ទន្ទឹមនេះ លោក កៅ ថាច បានសំណូមពរឲ្យប្រទេសអ៊ីស្រាអ៊ែល ជួយពង្រីកបច្ចេកវិទ្យាប្រព័ន្ធដំណក់ទឹកនេះ ឲ្យដល់ប្រជាកសិករ សហគមន៍កសិកម្មនៅកម្ពុជា ឲ្យបានកាន់តែច្រើន ដើម្បីលើកកំពស់ការផលិត និងទទួលបានទិន្នផលខ្ពស់។
លោក កៅ ថាច ជឿជាក់យ៉ាងមុតមាំថា តាមរយៈវត្តមានរបស់ធនាគារអភិវឌ្ឍន៍ជនបទ លោកនឹងខឹតខំប្រឹងប្រែង ដើម្បីធ្វើឲ្យកសិកម្មនៅកម្ពុជា មានសន្ទុះទៅមុខ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកំពស់ជីវភាពកសិករ និងពង្រីកសេដ្ឋកិច្ចជនបទ៕