(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៧៖៣០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ តំណាងអយ្យការបានបញ្ចប់ការសួរនាំអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណាគ្រី រូចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសិន រង់ចាំបញ្ជូនទៅចៅក្រមចាត់ការបន្តទៀតនៅស្អែក។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ។
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់រូបនេះ មិនទាន់បានបញ្ជាក់ថា តើបទល្មើសអ្វីខ្លះ ដែលត្រូវបានចោទប្រកាន់ទៅលើមន្រ្តីនគរបាលរូបនេះឡើយ គ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា បានចោទប្រកាន់ ហើយនឹងបញ្ជូនទៅចៅក្រមនៅថ្ងៃស្អែក ដើម្បីចាត់ការបន្តតាមនីតិវិធី។
នៅរសៀលថ្ងៃនេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយបានបញ្ជាឲ្យចាប់បញ្ជូនជនបង្ក ឌួង ណាគ្រី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសការបាញ់ប៉ងសម្លាប់ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ កាលពីប៉ុន្មានថ្ងៃមុននេះ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមដំណើររឿង ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន៥គ្រាប់។ ក្រោយបាញ់ហើយ ជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង៕