(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកពិធីផ្សព្វផ្សាយស្តីពីទិវាអន្តរជាតិស្តីពីគ្រួសារ១៥ ឧសភា ឆ្នាំ២០១៩ នៅតាមបណ្តាសាកលវិទ្យាល័យ, វិទ្យាស្ថាន និងវិទ្យាល័យមួយចំនួននៅទូទាំងប្រទេសកម្ពុជា។
ជាក់ស្តែង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកពិធីផ្សព្វផ្សាយស្តីពីទិវាអន្តរជាតិស្តីពីគ្រួសារ១៥ ឧសភា ទៅកាន់សិស្ស-និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ជាង២០០នាក់ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងបន្ថែមទៅដល់សិស្ស-និស្សិត ជុំវិញអត្ថប្រយោជន៍ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងកម្មវិធីនោះ លោក ឈាង បាក់ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩ ជារៀងរាល់ឆ្នាំ គឺបានចូលរួមចំណែកផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង អំពីតួនាទីដ៏មានសារៈសំខាន់នៃគ្រួសារ ដែលបានខិតខំប្រឹងប្រែងចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅកូនចៅ ឲ្យក្លាយជាពលរដ្ឋល្អ គ្រួសារល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំង ចលករមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន។
លោក ឈាង បាក់ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ និងចាត់វិធានការជាច្រើនដើម្បី លើកស្ទួយកម្រិតជីវភាពរបស់ ប្រជាជន និងសុខុមាលភាពរបស់គ្រួសារ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍសង្គម និងធ្វើសុខដុមនីយកម្ម តាមរយៈ ការបង្កើតឲ្យមានច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនពាក់ព័ន្ធ នឹងការងារលើកកម្ពស់តម្លៃគ្រួសារ។
ជាមួយគ្នានោះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការលើកប្រធានបទនាពេលនេះ គឺធ្វើឡើងស្របទៅតាមគោលនយោបាយគាំពារសង្គម ដើម្បីឲ្យគ្រួសារនីមួយៗ មានសុខភាពល្អ ដើម្បីឲ្យសមាជិកគ្រួសារមួយរឹងមាំ ហើយនឹងជំរុញឲ្យកូនចៅទាំងអស់ រស់នៅក្នុងការផ្តល់គុណតម្លៃក្នុងពិភពលោក និងការដឹកគុណចំពោះគ្រួសារ ដែលតែងតែផ្តល់ភាពកក់ក្តៅដល់ខ្លួន។
គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលប្រទេសនានាលើសកលលោក តែងប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨៩ ហើយ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីទិវាអន្តរជាតិ ស្តីពីគ្រួសារ១៥ ខែឧសភា ដើម្បីរួមគ្នាអនុវត្ត សេចក្តីសម្រេចចិត្តនេះ និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងទទួលបន្ទុក ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជំរុញឲ្យការអភិវឌ្ឍគ្រួសារមានស្ថានភាពកាន់តែប្រសើរឡើង ស្របតាមស្ថានភាពការវិវត្ត នៃសេដ្ឋកិច្ចជាតិ និងកំណែទម្រង់ប្រព័ន្ធបៀរវត្ស និងប្រព័ន្ធប្រាក់សោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។
ក្នុងឆ្នាំនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩ ខួបលើកទី២៥ ក្រោមប្រធានបទ «សុខុមាលភាពគ្រួសារជាកត្តាលីករ ក្នុងការអនុវត្តប្រព័ន្ធគាំពាសង្គមនៅកម្ពុជា» ក្នុងស្រទានយុវជន៕