(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក បានអំពាវនាវដល់សមាជិកឃុំ ក្នុងតំណែងទាំងអស់ឲ្យបន្តធ្វើពើល្អ និងការបន្តពង្រឹងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។

ការលើកឡើងរបស់ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក ធ្វើឡើងក្នុងឱកាសជួបជុំគ្នា ដើម្បីស្វែងយល់ពីខ្លឹមសារ សម្រាប់យុទ្ធនាការឃោសនាក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុកអាណ្ណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ ព្រមទាំងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។

លោក ជា ចាន់តូ បានអំពាវនាវដល់សមាជិកឃុំ ក្នុងតំណែងទាំងអស់ឲ្យបន្តធ្វើពើល្អ និងការបន្តពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យ្នកាន់តែប្រសើរថែមទៀត។ បន្ថែមពីនោះត្រូវខិតខំប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីថែរក្សាឲ្យបាននូវសុខសន្តិភាព ការពាររាល់សមិទ្ធផលដែលមានឲ្យបានគង់វង្ស ដើម្បីវឌ្ឍនភាពសង្គម និងការអភិវឌ្ឍន៍តម្រង់ឆ្ពោះធ្វើយ៉ាងណាឲ្យសង្គមកម្ពុជារីកចម្រើន និងសម្បូររុងរឿង។

លោក ជា ចាន់តូ បន្តថាទោះបីជាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត ជាការបោះឆ្នោតអសកល និងគណបក្សចូលរួមតិចក្ដី ក៏គណបក្សប្រជាជនកម្ពុជានៅតែជោគជ័យជានិច្ច ដើម្បីបន្តពង្រឹងការដឹកនាំប្រទេស និងបម្រើប្រជាជនបន្តទៀត។

លោកបន្ថែមថា ដើម្បីឲ្យការបោះឆ្នោតខាងមុខប្រព្រឹត្តដោយរលូន សូមបុគ្គលម្នាក់ៗត្រូវប្រកាន់ឲ្យ បានដាច់ខាតតាមគោលនយោបាយ និងការណែនាំរបស់គណបក្ស ព្រមទាំងគ.ជ.ប។ ជាងនេះកត្តាសាមគ្គីភាពជាប្រភពថាមពលដ៏ខ្លាំងក្លាបំផុត។

សូមបញ្ជាក់ថា អ្នកចូលរួមនាពេលនេះមានចំនួន៦៦រូប សុទ្ធសឹងជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែងដែលមានសិទ្ធិបោះឆ្នោត ហើយយុទ្ធនាឃោសនា នឹងចាប់ផ្ដើមពីថ្ងៃទី១៧-២៥ ខែឧសភាខាងមុខនេះ។ ដោឡែកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ជាថ្ងៃនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង និងស្រុកអាណ្ណត្តិទី៣៕