(កំពង់ស្ពឺ)៖ ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបន្តធ្វើការឆ្លើយតបនឹងការគ្រោះរាំងស្ងួតនៅក្នុងប្រទេសកម្ពុជា តាមរយៈការដំឡើង ប៉ម ចម្រោះ ទឹក ស្អាត ថ្មី មួយកន្លែង ស្ថិតនៅ ក្នុងបរិវេណអនុវិទ្យាល័យទួលសុភី នៃស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដែលអាច ផ្តល់ នូវទឹក ស្អាតសម្រាប់ទទួលទាន ដល់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណ ជាង ៥០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។
នៅក្នុងពិធីសម្ពោធ មានការចូលរួមជាអធិបតីពីលោក សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។
លោក រស់ សោភា បានថ្លែងថា «ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់ នៅត្រឹមតែការតម្លើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សា អនាម័យបរិស្ថាន ការអប់រំបណ្តុះ បណ្តាលប្រជា សហគមន៍អំពីការ ថែរក្សាការពារ ប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំ រយៈពេល៥ឆ្នាំ។ អង្គការ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដាន គុណភាព ទឹកនិងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់»។
លោក រស់ សោភា បាន បន្តទៀតថា «ក្រុមហ៊ុន កូកា-កូឡា មាន មោទនភាព ដែលបានចូលរួមចំណែក ក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំ យកទឹកស្អាត មកកាន់សាលារៀន និងសហគមន៍ជាច្រើន នៅទូទាំងពិភពលោក»។
លោក សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានគូសបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលបាន និងកំពុងបន្តសហការជាមួយអង្គការ Planet Water ក្នុងការសាងសង់នូវប៉មចម្រោះទឹកស្អាតនេះឡើង ចំនួន១៨គ្រឿង នៅតាមសហគមន៍នៃខេត្តចំនួន៧ នៅក្នុងកម្ពុជា» លើសពីនេះ ប៉មចម្រោះទឹកនេះ ជាប៉មទី៣ហើយ ដែលក្រុមហ៊ុនបានតម្លើងនៅខេត្តកំពង់ស្ពឺ ក្នុងនោះមានដូចជា ៖ទី១នៅវិទ្យាល័យភ្នំស្រួច ទី២នៅវិទ្យាល័យជ្រៃហូព្នៅ និងទី៣គឺនៅអនុវិទ្យាល័យទួលសុភីយើងនេះ»។
សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២២ ដែលបានតម្លើងដោយ ក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័ន ដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ច សហការ ជាមួយអង្គការ Planet Water ដែលមានការតម្លើងប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹក ស្អាតសម្រាប់ទទួលទាន។
ក្រុមហ៊ុនកូកា-កូឡា បានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន៣ទៀត នឹងត្រូវតម្លើងនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុង ឆ្នាំបន្ទាប់ៗទៀត។ ក្រុមហ៊ុន ភេសជ្ជៈ កម្ពុជា កូកា-កូឡា បានឱ្យដឹងទៀតថា ប៉ម ចម្រោះទឹកស្អាត ចំនួន១៨ ដែលក្រុមហ៊ុន បានតម្លើងនៅកម្ពុជា តាំងពី ឆ្នាំ២០១៦ បានផ្តល់ទឹកស្អាត ចំនួន៤៤ ,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០,០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើន ឡើង១,៥ដង ក្នុងឆ្នាំនេះ តាមរយៈការដំឡើង ប៉មចម្រោះទឹកស្អាត ចំនួន៣បន្ថែម ទៀតក្នុង ឆ្នាំ២០១៩នេះ ៕