(ភ្នំពេញ)៖ ក្នុងឱកាសអបអរសារទរកម្មវិធីគំម្រប់ខួប១ឆ្នាំរបស់ស្ថាប័ន BE YOUR OWN HERO (ជាក្លឹបបណ្ដុះបណ្ដាលស្រ្ដី ឈានទៅរកភាពជោគជ័យ) លោកស្រី គង់ សូរីតា ម្ចាស់ស្ថាប័ន BE YOUR OWN HERO បានបង្ហាញពីសក្ដានុពល, ភាពរីចម្រើន និងភាពជោគជ័យរបស់ខ្លួន ក្នុងការចូលរួមបណ្ដុះបណ្ដាស្រ្ដីនៅកម្ពុជា ដោយមានស្រ្ដីជាច្រើនបានបង្ហាញពី ភាពរឹងមាំរបស់ខ្លួន និងជំនឿចិត្តក្នុងការប្រឡូកក្នុងសង្គម។

ត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះក្លឹប BE YOUR OWN HERO បានបណ្ដុះបណ្ដាលស្រ្ដីជាច្រើននាក់នៅកម្ពុជា ឲ្យយល់ដឹងពីអត្ថប្រយោជន៍ និងភាពក្លាហានក្នុងការប្រឡូកក្នុងសង្គម ការចេញរកស៊ី, ភាពជាស្រ្ដីម្នាក់ ដោយឈរលើភាពរឹងមាំ និងភាពជាអ្នកដឹកនាំជាដើម។ ជាក់ស្ដែងស្រ្ដីជាច្រើននាំគ្នាចូលរួមក្នុងក្លឹប BE YOUR OWN HERO ទោះបីពួកគេមានភាពមមាញឹកយ៉ាងណាក្តី ក៏ក្រុមស្ត្រីមិនបោះបង់ចំណងមិត្តភាព ដែលមាននៅក្នុងក្លឹបនេះឡើយ ពួកគាត់តែងបែងចែកពេលវេលារបស់ខ្លួន ដើម្បីធ្វើការចូលរួម និងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក។

កញ្ញា ភឹម សុវណ្ណៈ អគ្គនាយករងរបស់ស្ថាប័ន BE YOUR OWN HERO ឲ្យដឹងថា ក្លឹប BE YOUR OWN HERO ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់ភាពជាស្ត្រី។ មិនតែប៉ុណ្ណោះ BE YOUR OWN HERO បានស្ថាបនាឲ្យស្រ្ដីមានភាពរឹងមាំ ក្នុងការក្លាយខ្លួន ឬត្រៀមខ្លួន ដោយភាពជឿជាក់ជាអ្នកដឹកនាំស្រ្ដីនៅកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។

កញ្ញាបន្ថែមថា ក្លឹប BE YOUR OWN HERO មានទស្សនវិស័យអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលស្រ្ដីឲ្យក្លាហាន នឹងប្រែក្លាយទៅជាស្រ្ដីដ៏ឆ្នើម ឬអ្នកដឹកនាំឆ្នើម។ ក្លឹប BE YOUR OWN HERO មានរៀបចំវគ្គបណ្ដុះបណ្ដាល ធ្វើឡើងជារៀងរាល់ជំនាន់ដោយឥតគិតថ្លៃ ដោយក្នុងមួយជំនាន់មានរយៈពេល៣ខែ។

កញ្ញាបន្ដថា BE YOUR OWN HERO មានគោលដៅដ៏ជាក់លាក់ក្នុងការរៀបចំ តម្រង់ផ្លូវដល់ស្រ្ដីឲ្យឈាន ទៅរកភាពជោគជ័យដោយក្នុងនោះរួមមាន៖

១៖ លើកកម្ពស់សក្តានុពលនៃស្រ្តីវ័យក្មេងឲ្យក្លាយជាស្ត្រី មានភាពជាមេដឹកនាំនាពេលអនាគត។
២៖ ក្លឹប BE YOUR OWN HERO បានបង្កើនជំនាញទាំងផ្នែកទន់ និងជំនាញផ្នែករឹងដល់ពួកគេតាមរយៈ ការចែករំលែក និងរៀនសូត្រពីគ្នារវាងគ្រូបង្វឹក និងសមាជិក។
៣៖ ក្លឹប BE YOUR OWN HERO តែងតែរៀបចំសិក្ខាសាលា, វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ ដើម្បីដុសខាត់ភាពទន់ខ្សោយរបស់ស្រ្ដីឲ្យក្លាយជាភាពឆ្នើម និងជំរុញពួកគេឲ្យកាន់តែមាន ភាពរីកចម្រើនទ្វេឡើង៕