(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះរូបភាព ក្នុងដំណើរដ៏ស្វាហាប់ពីរសន្លឹកនៅលើ Facebook ដោយបង្ហាញការពេញចិត្តខ្លាំងចំពោះរូបភាពពីរសន្លឹកនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ថែមទាំងបានសួរនាំរកអ្នកថតរូបនេះថែមទៀតផង។ សម្តេចតេជោ បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពទាំងពីរសន្លឹកនេះដូច្នេះ «លោកម្ចាស់ណាថតរូបខ្ញុំពីម្សិលមិញដែលរូបថតនេះខ្ញុំមើលខ្លួនឯងស្ទើរតែមិនស្គាល់។ មិនដឹងថា ភរិយាខ្ញុំមើលរូបថតនេះ ស្គាល់ខ្ញុំឬទេ? អរគុណអ្នកលួចថតរូបខ្ញុំដែលអ្នកថតរូបផ្លូវការមិនមានរូបថតនេះទេ»

រូបថតទាំងពីរសន្លឹកនេះ គឺថតដោយលោកឧត្តមសេនីយ៍ត្រី កុក គី អ្នករូបភាពឯកសារជូនសម្តេចតេជោ ហ៊ុន សែន។ រូបថតនេះ ត្រូវបានថត នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្នុងពេលសម្តេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូចេញទៅប្រទេសវៀតណាម គោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអញ់។

លោក កុក គី ដែលជាអ្នកតាមថតរូបសម្តេចតេជោរយៈពេល ២០ឆ្នាំមកហើយនោះ បានសម្តែងការរីករាយ និងរំភើបចិត្តជាខ្លាំង នៅពេលទទួលបានការពេញចិត្ត និងសរសើរពីសម្តេចតេជោ ហ៊ុន សែន។ លោក គី បានលើកឡើងថា លោកតាមថតសម្តេចតេជោ ២០ឆ្នាំហើយ ប៉ុន្តែរូបថតដែលលោកបានថតកន្លងមកមិនធ្លាប់ទទួលបានការពេញចិត្ត និងកោតសរសើរពីសម្តេចតេជោនោះឡើយ។

រូបភាពទាំងពីរសន្លឹកនេះ ក៏មានការពេញចិត្តពីមហាជនផងដែរ ព្រោះបានបង្ហាញភាពសង្ហា ភាពស្វាហាប់ និងរឹងមាំរបស់ប្រមុខដឹកនាំនាវាកម្ពុជា៕