(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក Leung Chun-ying អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន, ប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវ នៃទីក្រុងហុងកុង និងជាប្រធានមូលនិធិ GX អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។
បើតាមលោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំថា «លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភរបស់មជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវនៃទីក្រុងហុងកុង»។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបន្ដទៀតថា ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់លោក Leung Chun-ying ដែលតែងតែសម្របសម្រួល និងសហការបានយ៉ាងល្អប្រសើរ ជាមួយក្រសួងសុខាភិបាល។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានជម្រាបជូនភ្ញៀវថា ចាប់តាំងពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលុបបំបាត់ភាពងងឹតភ្នែក ដោយសារជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ចាម រវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយ Asian Foundation for Prevention of Blindness និង Belt and Road Hong Kong Center Company Limited ត្រូវបានចុះហត្ថលេខា ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហុងកុង ប្រទេសចិនមក ក្រសួងសុខាភិបាល បានទទួលនូវរថយន្តគ្លីនិកចល័ត សម្រាប់វះកាត់ភ្នែកឡើងបាយចំនួន២គ្រឿង ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ៩០ម៉ឺនដុល្លាអាមេរិក និងរថយន្តក្រុងសម្រាប់ដឹកអ្នកជំងឺចំនួន០១គ្រឿង ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ៩ម៉ឺនដុល្លារអាមេរិក។
លោកបន្តថា ក្រោមកិច្ចសហការរវាង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីខេត្តក្វាងស៊ី និងគ្រូពេទ្យខេត្តកំពង់ចាម ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីខេត្តក្វាងស៊ី បានមកធ្វើការវះកាត់ភ្នែកឡើងបាយ ជូនប្រជាជននៅខេត្តកំពង់ចាម ដោយមិនគិតថ្លៃបានចំនួន៥លើក ដោយបានពិនិត្យអ្នកជំងឺសរុបចំនួន៤,៩៩៦នាក់ និងបានធ្វើការវះកាត់ សរុបចំនួន២,១៣១នាក់។
លោក Leung Chun-ying បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងលុបបំបាត់ភាពងងឹតភ្នែក ដោយសារជំងឺភ្នែកឡើងបាយនៅខេត្តកំពង់ចាម ហើយបានសន្យាថាបន្តការគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល កាន់តែច្រើន និងទូលំទូលាយថែមទៀត។ ជាពិសេស លោក Leung Chun-ying មានបំណងជួយដល់ក្រសួងសុខាភិបាលកម្ពុជា លើការងារវះកាត់បបូរមាត់ឆែបកុមារ។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានសម្តែងនូវការគាំទ្រចំពោះការពង្រីកគម្រោងនេះទៅខេត្តផ្សេងទៀត និងសំណូមពរឲ្យលោក Leung Chun-ying ពិនិត្យមើលសមត្ថភាពទាំងធនធានមនុស្សទាំងមន្ទីរពេទ្យ នៅក្នុងខេត្តព្រៃវែង។ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការគាំទ្រ ចំពោះគម្រោងវះកាត់បបូរមាត់ឆែបកុមារ តែស្នើសុំឲ្យមានការសិក្សាឲ្យបានច្បាស់លាស់៕