(ព្រះវិហារ)៖ អាជីវករនៅច្រកទ្វាអានសេះព្រំដែនកម្ពុជា-ថៃ នៃខេត្តព្រះវិហារ កំពុងតែកាក់កបនឹងការរកបានប្រាក់ចំណូលប្រចាំថ្ងៃច្រើនគួរសម តាមរយៈការលក់ផ្សិតប៉ក់ ជារៀងរាល់ថ្ងៃ ក្នុងចន្លោះចាប់ពី១តោនឡើងទៅឲ្យជនជាតិថៃ សម្រាប់យកទៅធ្វើជាម្ហូបអាហារដ៏ពេញនិយមរបស់ពួកគេ។
អ្នកស្រី ថន ស្រីមុំ ជាអាជីវករលក់ដូរនៅក្នុងផ្សារ ច្រកទ្វាអានសេះទឹកដីកម្ពុជា បានឲ្យដឹងថា ចាប់ពីពាក់កណ្តាលខែមេសានេះទៅ អាជីវករនៅលើច្រកទ្វាអានសេះ បាននាំគ្នាប្រមូលទិញផ្សិតប៉ក់មកពីខាងក្រៅខេត្តនានា ដើម្បីយកមកលក់ឲ្យជនជាតិថៃ ដែលចូលមកទិញជារៀងរាល់ថ្ងៃ បានតម្លៃច្រើនគួរសមដែរ។ ផ្សិតប៉ក់នេះ នៅពេលដែលមានភ្លៀងធ្លាក់ផ្សិតនេះនឹងដុះ រហូតដល់ពេលដែលភ្លៀងធ្លាក់ជោគជាំ ទើបផ្សិតនេះឈប់ដុះ ហើយកសិករអាចដើរជីកផ្សិតនេះបានយកមកលក់ ចាប់ពីពាក់កណ្តាលខែមេសា រហូតដល់ខែកក្កដា ទើបផ្សិតនេះផុតរដូវ។
អ្នកស្រីបានបន្ថែមថា ក្នុងមួយថ្ងៃៗ អាជីវករនៅក្នុងផ្សារច្រកទ្វាអានសេះនេះ អាចលក់បានចន្លោះពី២០គីឡូក្រាម ទៅ៥០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាម ទទួលបានតម្លៃចាប់ពី ៤៥០បាត ទៅ៥០០បាត ទៅតាមគុណភាពផ្សិត ហើយអាចឲ្យអាជីវកររកប្រាក់ចំណូលបានក្នុងមួយថ្ងៃ ចន្លោះពី២ពាន់បាត ទៅ៥ពាន់បាតដែរ។ អ្នកស្រីបានបន្តទៀតថា ក្នុងរដូវនេះក្រៅពីផ្សិតប៉ក់នោះ អាជីវករក៏មានបន្លែព្រៃជាច្រើនមុខទៀត ដូចជាផ្កាចាហ៊ួយ ស្លឹកព្រិច ជាដើម ពោលគឺអាជីវករនៅទីនោះ លក់បន្លែព្រៃទៅតាមរដូវនីមួយៗ ហើយបន្លែទាំងអស់នេះជាអាហារដ៏ពេញនិយមបំផុតរបស់ជនជាតិថៃ។
ជាមួយគ្នានេះជនជាតិថៃម្នាក់ដែលបានចូលមកទិញបន្លែ និងទំនិញផ្សេងៗនៅទឹកដីកម្ពុជាក្នុងផ្សារច្រកទ្វាអានសេះនេះ បានលើកឡើងថា មូលហេតុដែលពួកគេបាននាំគ្នាមកទិញផ្សិតប៉ក់ ក៏ដូចជាបន្លែព្រៃផ្សេងៗនេះពីអាជីវករខ្មែរ ដោយសារតែនៅក្នុងទឹកដីថៃ ពុំសូវមានបន្លែប្រភេទទាំងអស់នេះទេ។ ម្យ៉ាងវិញទៀតនៅក្នុងព្រៃទឹកដីរបស់ពួកគេសម្បូរគ្រាប់មីន ដូច្នេះហើយទើបពុំមាននរណាម្នាក់ ចូលទៅរកបន្លែទាំងនេះយកមកលក់។
សូមបញ្ជាក់ថា បើទោះបីជាច្រកទ្វាអានសេះនេះមិនទាន់ក្លាយជាច្រកអន្តរជាតិក្តី តែការផ្តោះប្តូរទំនិញរវាងប្រជាជនទាំងពីរ កម្ពុជា-ថៃ បានធ្វើឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែភ្ញៀវដែលមកលេងកម្សាន្តច្រើនមាននៅក្នុងថ្ងៃអង្គារ និងថ្ងៃព្រហស្បត្តិ៍៕